(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ តំណាងអង្គភាពព័ត៌មាន Fresh News និង តំណាងគ្រុប CPP Win និងគ្រុបមូលនិធិអ្នកឧកញ៉ា ប៉ោ សំអឿន ,ឧកញ៉ា លឹម ប៊ុណ្ណា ,ឧកញ៉ា ឡេង ហ៊ួរ និងប៉ាប៉ា សុខ វិជ័យ បាននាំយកថវិកាសប្បុរសជន ទៅប្រគល់ជូនក្រុមគ្រួសារសព យោធា២រូប ដែលបានស្លាប់ ដោយទឹកគួច ពេលបាក់ស្ពាន នៅខេត្តស្ទឹងត្រែង ដែលគ្រួសារនីមួយៗ ទទួលបានថវិកាជាង២១លានរៀល។
យុទ្ធជន២រូប ដែលបានបាត់បង់ជីវិតនេះ រួមមាន ទី១៖ ឈ្មោះ ភីនី ដាលិ អាយុ ២១ឆ្នាំ មានស្រុកកំណើត នៅភូមិភ្នំកុង ឃុំតានី ស្រុកអង្គរជ័យ និងជនរងគ្រោះទី២៖ ឈ្មោះ សុខ សុវណ្ឌី អាយុ ២១ឆ្នាំ មានស្រុកកំណេីត នៅភូមិផ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
អ្នកទាំង២ បាន បម្រើការងារនៅកងអនុសេនាធំទី៣ វរសេនាតូចកាំភ្លើងធំ បញ្ជាការស្រាលយោធភូមិភាគទី១ នៃកងយោធពលខេមរភូមិន្ទ ប្រចាំនៅភូមិសាស្រ្តអូអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ជនរងគ្រោះទាំងពីរនាក់បានស្លាប់កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ខណះជិះម៉ូតូជូនគ្នាទៅពេទ្យ តែចៃដន្យឆ្លងកាត់ស្ពានបណ្ដោះអាសន្នហេីយមេឃភ្លៀងទឹកហូរចុះពីភ្នំបុកដាច់បណ្ដាលអោយធ្លាក់ជនរងគ្រោះទៅក្នុងទឹកដែលកំពុងហូរបុកពេញទំហឹង៕