(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងនេះទាំងអស់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានផ្ញើសាររំលែកទុក្ខជូនចំពោះគ្រួសារសពរបស់លោកស្រី ស៉ឹង ស៉ីយុត សមាជិកព្រឹទ្ធសភា និងជាលេខាធិការគណៈកម្មការ អប់រំ យុវជន កីឡា វិចិត្រសិល្បៈ និងទេសចរណ៍ ដែលបានទទួលមរណភាពក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។
ក្នុងសារលិខិត លោក ថោង ខុន បានបញ្ជាក់ថា «ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ និងខ្លួនខ្ញុំផ្ទាល់មានសេចក្តីរន្ធត់ចិត្ត និងសោកស្តាយជាទីបំផុត ដោយទទួលដំណឹងអំពីមរណភាពរបស់លោកជំទាវ ស៊ឹង ស៊ីយុត សមាជិកាព្រឹទ្ធសភា និងជាលេខាធិការគណៈកម្មការអប់រំ យុវជន កីឡា ធម្មការសាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍នៃព្រឹទ្ធសភា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨វេលាម៉ោង ១០:០០ ព្រឹក ដោយរោគាពាធ»។
លោកចាត់ទុកថា មរណភាពរបស់លោកស្រី ស៊ឹង ស៊ីយុត គឺជាការបាត់បង់ធំធេងនូវធនធានមនុស្សដ៏ ល្អនិងគំរូមួយរូប ជាទីគោរព និងជាទីស្រឡាញ់រាប់អានរបស់យើងទាំងអស់គ្នា។
លោកស្រីបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាញាណដើម្បីបម្រើជាតិ ប្រកបដោយស្មារតីស្នេហាជាតិ ដោយមិនចេះនឿយហត់ និងសម្រេចសមិទ្ធផលធំៗជាច្រើនជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ដែលគំរូវិរៈភាពដ៏ថ្លៃថ្លាបំផុតទាំងនេះ នឹងស្ថិតនៅចងចាំជានិច្ចនិរន្តន៍ក្នុងក្រអៅបេះដូងយើងទាំងអស់គ្នា៕
ខាងក្រោមនេះជាសាររំលែកទុក្ខរបស់ លោកបណ្ឌិត ថោង ខុន៖