(កំពង់ស្ពឺ)៖ អភិបាលខេត្ដកំពង់ស្ពឺ លោក វ៉ី សំណាង បានថ្លែងថា យើងមិនរើសអើងនូវជាតិសាសន៍ណាទាំងអស់ ឱ្យតែមកវិនិយោគនៅកម្ពុជា ដើម្បីផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋយើងឱ្យបានកាន់តែច្រើន ។
ការថ្លែងបែបនេះរបស់អភិបាលខេត្ដ វ៉ី សំណាង បានធ្វើឡើង ក្នុងពិធីបើកសម្ពោធផ្ទះល្វែង និងផ្សារត្រាំខ្នារថ្មី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ ដែលស្ថិតនៅ ភូមិក្របីត្រាំ ឃុំជម្រុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។
លោក វ៉ី សំណាង បានថ្លែងបន្ដថា «បច្ចុប្បន្ននេះ អ្នកវិនិយោគមកកម្ពុជា គឺមកពីគ្រប់មជ្ឈដ្ឋានទាំងអស់នៅលើពិភពលោក សម្រាប់ទឹកដីនៅខេត្ដកំពង់ស្ពឺ គឺមានអ្នកវិនិយោគរហូត ដល់ទៅ៤៥ប្រទេស ភាគច្រើនជាជនជាតិចិន។ ដោយមកទល់នឹងពេលនេះ នៅកម្ពុជា រោងចក្រ ចំនួន ២៥១ កំពុងដំណើរការ និងមានរោងចក្រជាច្រើនទៀត នឹងលេចរូបរាងនៅខេត្ដកំពង់ស្ពឺបន្ថែម»។
លើសពីនោះ «យើងមានសហគ្រាស ៦,៤០០មូលដ្ឋាន កម្មករកម្មការិនី ដែលជាពលរដ្ឋនៅកំពង់ស្ពឺផ្ទាល់មានចំនួន ជាង១២ម៉ឺននាក់ ដែលកំពុងបម្រើការងារនៅតាមបណ្ដាលរោងចក្រ សហគ្រាស នៅទីនេះ។ បើយើងគិតថា ក្នុងម្នាក់ទទួលបានប្រាក់ខែក្នុងមួយខែ ត្រឹមតែ១លានរៀល ដូចនេះ ថវិកា១២ម៉ឺនលានរៀល ចូលទៅក្នុងហោប៉ៅរបស់ប្រជាពលរដ្ឋយើង»។ នេះបើតាមការលើកឡើង របស់អភិបាលនៃគណៈអភិបាលខេត្ដកំពង់ស្ពឺ ។
លោក វ៉ី សំណាង បានថ្លែងថា នៅខេត្ដកំពង់ស្ពឺ មានការអភិវឌ្ឍគ្រប់កន្លែង មិនមែនតែរោងចក្រនោះទេ តែយើងនឹងខិតខំប្រឹងប្រែងទាញអ្នកវិនិយោគ ឱ្យមកដាក់ទុនវិនិយោគក្នុងទឹកដីយើងបន្ថែមទៀត ដើម្បីផ្ដល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋយើង ឱ្យបានកាន់តែច្រើន ទៅដល់អ្នកខ្វះការងារធ្វើ។
ជាក់ស្ដែង ថ្មីៗនេះ លោកបានទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិក លោកក៏បានទាក់ទងអាមេរិក មកវិនិយោគនៅស្រុកខ្មែរយើងផងដែរ ។ដូចនេះ សូមកុំបែងចែកអ្នកវិនិយោគ អ្នកណាក៏បានដែរ ឱ្យតែបានផ្ដល់ឱកាសការងារ ដល់បងប្អូនប្រជាពលរដ្ឋយើង មានការងាររកស៊ីទទួលទានបាន។
លោកបន្ដថា «ប៉ុន្ដែរាល់ការរីកចម្រើនទាំងអស់នេះ គឺមិនអាចកាត់ផ្ដាច់ពីនយោបាយបាននោះទេ, ស្ថិតនៅក្រោមម្លប់សន្ដិភាព បើអត់មានម្លប់សន្ដិភាព គឺអត់មានឱកាសរកស៊ីអ្វីទាំងអស់ គឺមានតែរត់ចូលត្រង់សេតែប៉ុណ្ណោះ ដូចកាលក្នុងសម័យប៉ុលពត ៣ឆ្នាំ ៨ខែ២០ថ្ងៃ ។ដូច្នេះ បើនយោបាយយើងអន់ អ្នកដឹកនាំយើងអន់ គឺប្រទេសមានតែសង្គ្រាម នាំគ្នារត់គេតែពីសង្គ្រាមរហូត»។
លោកថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដែលសម្ដេចយកជីវិតទៅប្ដូរយកនូវសុខសន្ដិភាពជូនប្រទេសជាតិ។ ហេតុនេះ សូមកុំជឿពាក្យញុះញង់របស់ជនអគតិ គេអត់ដែលចង់ឃើញយើងសម្បូរសប្បាយទេ គឺចង់ឃើញយើងហិនហោចខ្លោចផ្សារ ព្រាត់ឪពុក ម្ដាយ ដូច្នេះកុំទៅជឿគេថា គេស្រលាញ់ខ្មែរ ជាងខ្មែរយើង ស្រលាញ់ខ្មែរយើងគ្នាឯងនោះ។
ទន្ទឹមនឹងនោះ លោក វ៉ី សំណាង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្ដនូវការជឿជាក់ លើការដឹកនាំប្រកបដោយគតិបណ្ឌិត របស់គណបក្សប្រជាជនកម្ពុជា ជាពិសេស សម្ដេចតេជោ ហ៊ុនសែន និងសូមថែរក្សាសុខសន្ដិភាពទាំងអស់គ្នា ដើម្បីប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យតទៅទៀត៕