(ភ្នំពេញ)៖ អ្នកជំនាញវិស័យអចលនទ្រព្យដ៏ល្បីល្បាញនៅកម្ពុជា បានរួមគ្នាចែករំលែកបទពិសោធ៍លើ «ការវិនិយោគលើវិស័យអចលនទ្រព្យ ប្រកបដោយប្រសិទ្ធិភាព»។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។

ក្នុងនោះមានការចែករំលែកបទពិសោធន៍ ពីអ្នកជំនាញល្បីៗរួមមាន៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា, លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា, លោក សន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate Co.Ltd, លោក ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន Premium Housing Co., Ltd និងមានការចូលរួមពីសាធារណជនជាច្រើនរូប។

លោក ម៉ាន់ ច័ន្ទឌី បានធ្វើបទបង្ហាញពី របៀបប្រើប្រាស់ទុនវិនិយោគ ក្នុងវិស័យអចលនវត្ថុ ដោយលោកបានលើកបង្ហាញពីកត្តាមួយចំនួនដែលអ្នកប្រឡូកក្នុងវិស័យនេះគួរធ្វើ ដោយប្រើប្រាស់ទុនបែបណា ដើម្បីទទួលបានផលចំណេញ និងធ្វើការរកស៊ីបានយូរអង្វែង។

លោកបានបន្ដថា ការវិនិយោគលើអចលនទ្រព្យឲ្យទទួលបានប្រាក់ចំណេញមិនមែនជារឿងងាយស្រួលនោះឡើយ។ ត្រូវបែងចែកប្រភេទវិនិយោគរួមមាន៖ ការផ្ដោតការវិនិយោគជាចំបង លើអចលនទ្រព្យជាផ្ទះ, ចាប់ផ្ដើមទុនវិនិយោគបន្ដិចបន្ដួចសិន មុនធ្វើការបន្ថែមឲ្យកើនឡើង,​ ជ្រើសរើសផ្ទះដែលមានអ្នកជិតខាងល្អ ប្រសើរជាផ្ទះដែលមានទីតាំងល្អ, ជ្រើសរើសអចលនទ្រព្យ ដែលមនុស្សភាគច្រើនចង់រស់នៅ និងមានតម្រូវការជួលច្រើនជាដើម។

លោក សន សៀប ក៏បានបង្ហាញពី ការវាយតម្លៃអចលនទ្រព្យ ​មុនពេលវិនិយោគ ដោយលោកបានលើកឡើងថា មុនពេលវិនិយោគគួរមើលទីតាំង, ទំហំ, ជម្រៅ, ក្បាលដី និងរូបរាងដីជាដើម ដើម្បីឲ្យការវិនិយោគមានដំណើរការល្អប្រសើរ។

លោកបានបន្ថែមថា កត្តាដែលយើងគួរវាយតម្លៃមុនវិនិយោគគឺ ដើម្បីឲ្យដឹងពីកត្តានៃការលក់ត្រឡប់ទៅវិញ និងមានភាពងាយស្រួល ក្នុងការទទួលបានផលចំណេញ។

លោក ព្រាប កុល បានបង្ហាញពីការកសាងទំនុកចិត្ត រវាងភ្នាក់ងារអចលទ្រព្យ និងវិនិយោគិន ដើម្បីភាពជោគជ័យក្នុងការវិនិយោគម្រោងធំៗ។

លោកលើកឡើងថា ការកសាងទំនុកចិត្តត្រូវមានភាពស្មោះត្រង់, ត្រូវមានការធ្វើការងារជាក្រុម ដើម្បីបន្ថែមនូវទំនុកចិត្ត សម្រាប់ដៃគូម្ខាងទៀត, ការគោរពពេលវេលា, ការបង្ហាញពីទឹកដមនៃការទំនាក់ទំនងរវាងគ្នាការគោរពចំពោះដៃគូម្ខាងទៀតជាដើម។

លោក ច្រឹក សុខនីម ក៏បានធ្វើបទបង្ហាញពី ការវិនិយោគលើវិស័យអចលទ្រព្យ ប្រកបដោយប្រសិទ្ធិភាព និងទទួលបានប្រាក់ចំណេញខ្ពស់។

លោកលើកឡើងថា ដើម្បីវិនិយោគលើអចលនទ្រព្យ ទទួលបានប្រាក់ចំណេញត្រូវវិនិយោគដោយមើលទៅលើស្ថានភាពផ្លូវ, ទីតាំងឲ្យសមស្របនឹងតម្រូវការជាក់ស្ដែង។

លោកបានបន្ដថា ដោយឡែកសម្រាប់ទិញ ដើម្បីរស់នៅត្រូវមើលពី ភាពចូលចិត្តនៃការរស់នៅមានន័យថា អ្នកខ្លះចូលចិត្តរស់នៅតាមដងទន្លេ ដូច្នេះក្នុងនាមយើងជាអ្នកលក់ គួរតែណែនាំបង្ហាញពីផលប្រយោជន៍ ក្នុងតំបន់ដងទន្លេ។ ចំណែកអ្នកខ្លះទៀតចូលចិត្តរស់នៅ តាមតំបន់ស៊ីវីល័យ ដូច្នេះគួរណែនាំអតថិជនរស់នៅក្នុងកណ្ដាលទីក្រុង។

លោកបន្ដថា ក្នុងនាមជាអ្នកជំនាញត្រូវយល់ឲ្យច្បាស់អំពីស្ថានភាព និងតម្រូវការរបស់អតិថិជនច្បាស់លាស់ទើបអាចឲ្យដំណើការនៃការលក់ទទួលបានផលល្អ និងចំណេញថវិកា៕