(ត្បូងឃ្មុំ)៖ សិស្សានុសិស្សដែលខិតខំប្រឹងប្រែងក្នុងការសិក្សារៀនសូត្រ រហូតប្រលងបាក់ឌុបជាប់និទ្ទេស A ទូទាំងខេត្តទាំងអស់ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ សន្យានឹងផ្តល់ជូនកុំព្យូទ័រយួរដៃម្នាក់១គ្រឿង។

ការលើកទឹកចិត្តដល់សិស្សដែលសង្វាតក្នុងការរៀនសូត្រ ដោយផ្តល់ជាកាដូបែបនេះ ធ្វើឡើងក្នុងឱកាស លោក ជាម ច័ន្ទសោភ័ណ រួមជាមួយមន្ត្រីក្រោមឱវាទ និងស.ស.យ.កខេត្ត ចុះសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូចំនួន៤០នាក់ និងសិស្សានុសិស្សជាង៦០០នាក់ ក្នុងវគ្គបំប៉នត្រៀមប្រលងបាក់ឌុប នៅវិទ្យាល័យទាំង៦ ទូទាំងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពេញ១ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ។ វិទ្យាល័យទាំង៦នេះ មានវិទ្យាល័យ ហ៊ុនសែន ខ្នារ, វិទ្យាល័យហ៊ុនសែន ក្បាលអូរ, វិទ្យាល័យហ៊ុនសែន ត្រពាំងឫស្សី, វិទ្យាល័យហ៊ុនសែន ពាមជីលាំង, វិទ្យាល័យហ៊ុនសែន ទន្លេបិទ និងវិទ្យាល័យ សម្តេចម៉ែ។

លោក ជាម ច័ន្ទសោភ័ណ បានថ្លែងទៅកាន់សិស្សទាំងអស់ថា «ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ព្រោះថាអនាគតក្មួយៗ ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល គឺពឹងផ្អែកលើក្មួយៗទាំងអស់នេះហើយ ដើម្បីចូលរួមចំណែកក្នុងការ អភិវឌ្ឍសង្គមជាតិរបស់យើង ពីព្រោះថាយុវជន គឺជាកោសិកា ជាសសរទ្រូងដ៏រឹងមាំ សម្រាប់អភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ពិសេសប្រកួតប្រជែងលើឆាកអន្តរជាតិ»

លោកអភិបាលខេត្ត បានក្រើនរំលឹកថា អ្នកចេះគឺជាប់ ដូច្នេះត្រូវខិតខំប្រឹងប្រែងសិក្សា យកចំណេះដែលខិតខំកន្លងមក បញ្ចេញឱ្យអស់នាថ្ងៃប្រលង ពិសេសថែរក្សាសុខភាពឱ្យល្អ៕