(កំពង់ចាម)៖ លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានចុះជួបសំណេះសំណាល និងដោះស្រាយបញ្ហាខ្វះខាតមួយចំនួនជូនប្រជាពលរដ្ឋរស់នៅឃុំព្រៃចារ និងឃុំខ្នុរដំបង ស្រុកជើងព្រៃ។
កម្មវិធីជួបជុំជាមួយប្រជាពលរដ្ឋនៅឃុំព្រៃចារ ស្រុកជើងព្រៃ ត្រូវបានធ្វើឡើងទៅនៅក្នុងបរិវេណវត្តសិរីអម្ពរវ័ន ហៅវត្តព្នៅ ក្នុងនោះមានអនុប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋចូលរួមសរុបជាង ៣០០នាក់។
នាឱកាសនោះ លោក វេង សាខុ បានណែនាំដល់ក្រុមការងារ និងសមាជិក-សមាជិកាបក្ស ត្រូវមានភាពសកម្មក្នុងការចុះមូលដ្ឋានស្វែងយល់អំពីសុខទុក្ខ និងជីវភាពរស់របស់ប្រជាជន ហើយត្រូវរកគ្រប់មធ្យោបាយបម្រើបំពេញនូវភាពកង្វះខាត ឬបញ្ហាដែលគាត់កំពុងប្រឈម ជាពិសេសត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានបន្តអនុវត្តកម្មវិធី ក៣ ដែលបានដាក់ចេញឲ្យបានខ្ជាប់ខ្ជួន ប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាជូនពួកគាត់ ដូចជាលិខិតបញ្ជាក់កំណើត លិខិតបញ្ជាក់មរណភាព និងលិខិតបញ្ជាក់អាពាហ៍ពិពាហ៍។
លោកបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខិតខំបង្កបង្កើនផល ខណៈគិតត្រឹមខែកក្កដា ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ២.៣លានតោន ដែលសមិទ្ធផល និងការអភិវឌ្ឍអត់ឈប់ឈរទាំងអស់នេះ បាននិងកំពុងប្រែក្លាយប្រទេសទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងកម្រិតខ្ពស់ នាឆ្នាំ២០៥០។
បន្ទាប់ពីពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំព្រៃចារ ក្នុងថ្ងៃដដែលនោះរួចមក លោក វេង សាខុន បានបន្តសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង ៣០០នាក់ទៀត នៅក្នុងឃុំខ្នុរដំបង ស្រុកជើងព្រៃ នៅក្នុងវត្តខ្នុរដំបង។
នាឱកាសនោះ លោកបានជម្រាបជូនប្រជាពលរដ្ឋពីដំណើរវិវឌ្ឍរីកចម្រើននៃប្រទេសជាតិកម្ពុជា ពីប្រទេសដែលពោពេញទៅដោយសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ក្រីក្របំផុត គ្មានស្បៀងសម្រាប់ផ្គត់ផ្គង់ប្រជាជនខ្លួន អស្ថិរភាព និងអសមត្ថភាព មកជាប្រទេសមានសុខសន្តិភាពពេញលេញ ឯករាជ្យជាតិ សេរីភាព ប្រជាធិបតេយ្យ មានការអភិវឌ្ឍលើគ្រប់វិស័យ សមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែង និងស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។
លោកបានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការគាំទ្រ និងផ្តល់ទំនុកចិត្តមកលើសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺប្រាកដជាមិនខុសបំណងនោះទេ ហើយគណបក្សប្រជាជនកម្ពុជានឹងបន្តពុះពារ លះបង់ទាំងកំលាំងកាយចិត្ត បម្រើប្រជាពលរដ្ឋឲ្យអស់លទ្ធភាព ធានាឲ្យបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងជាពិសេសការអភិវឌ្ឍអត់ឈប់ឈរ។
លោកថា ប្រជាពលរដ្ឋទាំងអស់គ្នាក៏មានភារកិច្ចត្រូវចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងសាមគ្គីភាពដ៏ប្រពៃនេះផងដែរ ដោយមិនត្រូវស្តាប់ការញុះញង់ ការអុជអាល ការចែករំលែកព័ត៌មានបំផ្លើសខុសពីការពិត ដែលគេផ្សព្វផ្សាយសម្រាប់បំពុលសង្គម ឬប្រព្រឹត្តសកម្មភាពណាមួយដែលខុស និងច្បាប់កម្ពុជាជាដាច់ខាត។
ដើម្បីបង្ហាញអំពីទឹកចិត្ត និងរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន តាំងនាមឲ្យគណបក្សប្រជាជនកម្ពុជា លោក វេន សាខុន បានប្រគល់ថវិកាមួយចំនួនសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធជុំវិញឃុំ ដូចជា ការស្តារប្រឡាយទឹកចាស់ៗ និងជីកប្រឡាយថ្មីសម្រាប់រំដោះទឹកជំនន់ទឹកភ្លៀងផងដែរ៕