(ភ្នំពេញ)៖ បញ្ហាដាច់ចរន្តអគ្គិសនីនៅតាមសង្កាត់មួយចំនួនក្នុងខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌបឹងកេងកង ខណ្ឌ៧មករា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ នាវេលាព្រឹកមិញនោះ គឺដោយសារលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ាត់ ពីអនុស្ថានីយទី២ (GS2) ទៅរោងចក្រអគ្គិសនី CEP ដែលបណ្តាលឲ្យដាច់ចរន្តពីអនុស្ថានីយទី៩ (GS9)។
អគ្គិសនីកម្ពុជា បានឱ្យដឹងថា មូលហេតុនេះដោយសារមានកម្មករផ្សាដែកបានលើកដែកយកទៅកាត់ធ្វើដំបូលផ្ទះ ត្រង់ផ្លូវ៣៧១ (តំបន់ AN23 ) ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ បណ្ដាលឲ្យប៉ះខ្សែបណ្ដាញតង់ស្យុងខ្ពស់ (HV) ចន្លោះបង្គោលលេខ «ខ៣៣១» ទៅបង្គោលលេខ «ខ៣៣២»។ ការដាច់ចរន្តនេះបានបណ្ដាលឲ្យបាត់បង់អានុភាពសរុបចំនួន ៤៨មេហ្គាវ៉ាត់។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមការងារបច្ចេកទេសបានប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនប្រើប្រាស់ឡើងវិញហើយ នាវេលាម៉ោង ១១៖៤២នាទី ព្រឹកថ្ងៃទី២៨ ខែកក្កដា ដដែលនេះ។
អគ្គិសនីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញតង់ស្យុងខ្ពស់ (HV) ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕