(ភ្នំពេញ)៖ ក្រុមវេជ្ជបណ្ឌិតជំនាញមកពីប្រទេសថៃ និងប្រទេសកម្ពុជា បានរួមគ្នាបង្ហាញពី កត្តាមួយចំនួន ដែលបណ្ដាលឲ្យពលរដ្ឋកើតជំងឺ ធ្ងន់៣ប្រភេទរួមមាន៖ ជំងឺស្ទះប្រព័ន្ធបង្ហូរទឹកប្រម៉ាត់, ជំងឺលំពែង និងជំងឺមហារីកថ្លើម។
បច្ចុប្បន្នជំងឺ៣ប្រភេទនេះបានកើតចំពោះ ពលរដ្ឋកម្ពុជាយ៉ាងច្រើន ដោយសារតែពួកគាត់កង្វះនៅការយល់ដឹងពីការការពារ, ការទប់ស្កាត់កុំឱ្យមានជំងឺទាំង៣នេះ និងមិនមានការទទួលការព្យាបាលបានត្រឹមត្រូវ។ អាស្រ័យហេតុនេះបានជា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ សហការជាមួយមន្ទីរពេទ្យបាងកក រៀបចំសិក្ខាសាលាស្ដីពី «ជំងឺស្ទះប្រព័ន្ធបង្ហូរទឹកប្រមាត់, ជំងឺលំពែង និងការព្យាបាលដោយការវះកាត់ថង់ទឹកប្រមាត់ និងការព្យាបាលមហារីកថ្លើម» នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។
ការបង្កើតសិក្ខាសាលានេះរៀបចំឡើង ដើម្បីបញ្ច្រាបចំណេះដឹង ដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែយល់ច្បាស់ពីវិធីការពារ កុំឲ្យកើតមានជំងឺទាំងនេះ និងពីវិធីសាស្រ្ដព្យាបាល ឲ្យមានប្រសិទ្ធភាព ព្រមទាំងអនុញ្ញាតឲ្យ ពលរដ្ឋចូលរួមដោយសីរី និងឥតគិតថ្លៃ។
លោកវេជ្ជបណ្ឌិត Thun Ingkakul ជំនាញផ្នែកប្រម៉ាត់មកពី មន្ទីរពេទ្យប្រទេសថៃ បានថ្លែងថា ជំងឺក្នុងថង់ប្រម៉ាត់នេះកើតច្រើន មិនថាក្នុងប្រទេសកម្ពុជា ឬប្រទេសថៃឡើយ ទាំងនេះដោយសារការមិនទទួលបាន ការយល់ដឹងគ្រប់គ្រាន់ពីការពារអំពីជំងឺនេះ។
លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា វិធានការការពារកុំឲ្យកើតជំងឺនេះគឺ៖ ឧស្សាហ៍មកមន្ទីរពេទ្យពិនិត្យសុខភាព, ចៀសវាង ឬឈប់ការទទួលទានបារី, ស្រា ឬទទួលទានអាហារដែលធ្វើឲ្យ បង្កមានខ្លាញ់ច្រើន។
លោកវេជ្ជបណ្ឌិតបានថ្លែងថា «ជំងឺនេះព្យាបាលដោយការវះកាត់ ឬតាមរយៈការចោះដែលជួយឲ្យអ្នកជំងឺឈឺចាប់តិច និងសម្រាកក្នុងមន្ទីរពេទ្យមានរយៈពេលខ្លី ហើយអត្រាជោគជ័យ ជាពីជំងឺនេះមានច្រើន»។
លោកវេជ្ជបណ្ឌិតបន្ដថា រោគសញ្ញានៃជំងឺស្ទះថងប្រម៉ាត់នេះ មានរោគសញ្ញាជាច្រើនរួមមាន៖ ឈឺពោះផ្នែកខាងលើខ្លាំង, ក្ដៅខ្លួន, ភ្នែកឡើងពណ៌លឿង, រមាស់លើស្បែកជាដើម។
លោកបញ្ជាក់ថា សម្រាប់អ្នកមានជំងឺក្រួសក្នុងថងប្រមាត់ ប្រសិនបើមិនមានការឈឺចាប់ ឬមិនមានបញ្ហាអ្វីដល់សុខភាពទេ គឺមិនចាំបាច់វះកាត់នោះឡើយ តែត្រូវតាមដានសុខភាពឲ្យជាប់។
លោកវេជ្ជបណ្ឌិត ខាំ សោភា អ្នកឯកទេសផ្នែកប្រព័ន្ធរំលាយអាហារ បានឲ្យដឹងថា ដើម្បីបញ្ចៀសនូវការកើតជំងឺទាំងនេះ ពលរដ្ឋគួរការស្វែងយល់បន្ថែមថា តាមរយៈប្រព័ន្ធតិចណូឡូជី ដែលមានក្នុងទូរស័ព្ទដៃ ស្វែងរកតាមរយៈអ៊ិនធើណេត ដោយបង្កើតការយល់ដឹងដោយខ្លួនឯងបន្ថែមទៀត។
លោកវេជ្ជបណ្ឌិតបានអំពាវនាវ ដល់ពលរដ្ឋ តាកាត់បន្ថយ ការញាំសុរាគ្រប់ប្រភេទ, ការជក់បារី ដើម្បីកុំឲ្យកើតជំងឺប្រមាត់ និងជំងឺលំពែងនេះ។ មួយវិញទៀតប្រសិនបើពលរដ្ឋ មានរោគសញ្ញាដូចជា៖ រមាស់ខ្លួន, រមាស់ស្បែក, លឿងភ្នែក និងឈឺពោះតិចតួច សូមមកកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីពិនិត្យព្យាបាលបានទាន់ពេលវេលា។
លោកវេជ្ជបណ្ឌិត ជា ចាន់ឌី អ្នកឯកទេសខាងជំងឺថ្លើមបានឲ្យដឹងថា ជំងឺមហារីកថ្លើមកើតមានច្រើនក្នុងប្រទេសខ្មែរ ហើយរហូតមកដល់ពេលនេះ យើងមិនមានការព្យាបាល ដ៏ត្រឹមត្រូវនៅឡើយទេ។ ជំងឺមហារីកថ្លើមនេះមិនអាចព្យាបាលដោយ បាញ់កាំរស្មីដូចជំងឺមហារីកផ្សេងៗទៀតឡើយ។
លោកវេជ្ជបណ្ឌិតបន្ដថា ចំពោះការព្យាបាលជំងឺមហារីកថ្លើមនេះ ដោយវះកាត់ និងការព្យាបាលដោយអន្ដរាគមន៍វិទ្យុសាស្រ្ដ ជាការព្យាបាលដោយដុតដោយម្ចុល មានកំដៅដែលធ្វើឲ្យ ឆេះដុំមហារី និងធ្វើឲ្យដុំលួយ និងជាសះស្បើយ។ ដោយឡែកការព្យាបាលមួយប្រភេទទៀតគឺ ការព្យាបាលដោយញុកសសៃឈាម។
លោកបានបន្ដថា ជំងឺមហារីថ្លើមភាគច្រើនកើតនៅថ្លើម ដែលរលាករ៉ាំរ៉ៃ ឬថ្លើមរលាកដោយមេរោគ និងរលាកដោយមិនមានមេរោគ ហើយថ្លើមដែលរលាកដោយមេរោគគឺ ថ្លើមប្រភេទB និងC។
លោកបានបញ្ជាក់ថា «ដោយឡែកសម្រាប់ការរលាកថ្លើម ដោយមិនមានមេរោគគឺ បណ្ដាលមកពីការទទួលទានសុរា ដែលធ្វើឲ្យរលាកថ្លើមរ៉ាំរ៉ៃ ការរលាក់រ៉ាំរ៉ៃនេះដែលបង្កឲ្យកើតជំងឺមហារីក ហើយការការពារគឺ កុំឲ្យកើតមានជំងឺរលាករ៉ាំរ៉ៃនេះ»៕