(រតនគិរី)៖ ក្រោយពីបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ លើករណីឃាតកម្មនៅក្រុងបានលុង ខេត្តរតនគិរីរួចមក កម្លាំងអាវុធហត្ថក្រុងបានលុង សហការជាមួយកម្លាំងជំនាញអាវុធហត្ថខេត្តរតនគិរី នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានឃាត់ខ្លួន យុវជនម្នាក់មានឈ្មោះ ស ម៉ាកូ អាយុ១៨ឆ្នាំ ស្ថិតនៅភូមិលូត ឃុំទីងចាក់ ស្រុកបរកែវ។
ករណីហិង្សានេះកើតឡើងនៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ដោយជនសង្ស័យបានយកដាវកាប់ទៅលើជនរងគ្រោះឈ្មោះ អេង រដ្ឋា បណ្ដាលឱ្យស្លាប់នៅនឹងកន្លែង ត្រង់ចំណុចលោកតាជួងមាត់បឹងកន្សែង ស្ថិតក្នុភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង រួចជនជនសង្ស័យក៏រត់គេចខ្លួន។
លោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការអាវុធហត្ថមូលដ្ឋានក្រុងបានលុង បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានថា ជនសង្ស័យទៅសម្ងំលាក់ខ្លួនក្នុងភូមិលូត ឃុំទីងចាក់ ស្រុកបរកែវ កម្លាំងជំនាញអាវុធហត្ថបានចុះឃាត់ខ្លួនជាក់ស្តែងតែម្តង។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការអាវុធខេត្តរនគិរី ដើម្បីកសាងសំណុំបញ្ជូនទៅសាលាដំបូងខេត្តផ្តន្ទាទោសតាមច្បាប់៕