(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការគាំទ្រដល់ សកម្មភាពអង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាគណៈកម្មាធិការការបង្ក្រាប និងទប់ស្កាត់ បទល្មើសធនធានធម្មជាតិ ដែលមានសកម្មភាពដ៏ផុសផុល ក្នុងកិច្ចបង្រ្កាបនូវភាពមិនប្រក្រតីដែល បំផ្លាញកិត្តិយសរាជរដ្ឋាភិបាល និងមោទនភាពរបស់ប្រជាជាតិ។
លោកបានអះអាងថា៖ «ការអនុវត្តវិធានប្រឆាំងនឹងអំពើពុករលួយរបស់អង្គភាពACU គឺជាសារមួយយ៉ាងជាក់ស្ដែងឆ្លេីយតប និងអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងបរិបទអភិក្រមទាំងប្រាំ»។
អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានក្រើនរំលឹកក្នុងការផ្ដន្ទាទោសចំពោះមន្រ្តីណាមួយ ដែលប្រព្រឹត្ត ជំរិត ជាអំពើពុករលួយផងដែរក្រៅពីកិច្ចសម្ដែង កិច្ចអបអរសាទរចំពោះអង្គភាពទាំងពីរខាងលើ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅតែលើកទឹកចិត្តដល់មហាជនគ្រប់រូបមេត្តា ចូលរួមកិច្ចសហការជាមួយនឹងអង្គភាព ACU និងគណៈកម្មាការបង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ។
លោកអះអាងថា៖ «យើងទាំងអស់គ្នារួមគ្នា សម្រាប់សេចក្តីសុខសាន្ត និងរុងរឿងរបស់ប្រជាជាតិតាមរយៈសហការ និងអនុវត្តគ្រប់ជ្រុងជ្រោយនៃគោលការណ៍អភិក្រម របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី»៕