(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានផ្ញើសាររំលែកទុក្ខជូនចំពោះគ្រួសារសពរបស់ លោកស្រី ស៉ឹង ស៉ីយុត សមាជិកព្រឹទ្ធសភា ដែលបានទទួលមរណភាពក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ។

សម្តេច ហេង សំរិន បញ្ជាក់ថា មរណភាពរបស់ លោកស្រី ស៉ឹង ស៉ីយុត គឺជាការបាត់បង់ធនធានមនុស្សដ៏គំរូមួយ ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញា បម្រើកិច្ចការប្រទេសជាតិ ប្រកបដោយវីរិយ គួរជាទីគោរពស្រលាញ់របស់ញ្ញាតិមិត្ត។ សម្តេចសូមបួងសួងវិញ្ញាណក្ខន្ធ លោកស្រី ស៉ឹង ស៉ីយុត បានទៅសោយសុខ ក្នុងសុគតិភព ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា លោកស្រី ស៉ឹង ស៉ីយុត បានទទួលមរណភាពក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ នាវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩។ សពលោកស្រី ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា នៅវត្តបុទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីបូជាសព នឹងប្រព្រឹត្តទៅនៅថ្ងៃច័ន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០៨៖៣០ព្រឹក នៅទីវាលមុចវត្តបុទុមវតី៕

ខាងក្រោមនេះជាសាររំលែកទុក្ខរបស់សម្តេច ហេង សំរិន៖