(កំពង់ចាម)៖ ក្មេងស្រីជំទង់អាយុ១៤ឆ្នាំម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធម ខណៈកំពុងមុជទឹកទន្លេលេងជាមួយមិត្តភក្តិ ៦នាក់ទៀត ទាំងដែលរូបគេមិនចេះហែលទឹក ជាហេតុបង្កនូវក្ដីវិប្បយោគដល់ក្រុមគ្រួសារយ៉ាងសោកសង្រេង។
តាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខវត្តមុនីរង្សី ស្ថិតក្នុងភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ក្មេងស្រីរងគ្រោះខាងលើនេះមានឈ្មោះ ភាន ហង្សលី អាយុ១៤ឆ្នាំ មានទីលំនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។ មុនកើតហេតុ ក្មេងស្រីរងគ្រោះ និងក្មេងស្រីជាមិត្តភក្តិចំនួន៦នាក់ទៀត បាននាំគ្នាទៅលេងទឹកទន្លេនៅចំណុចកើតហេតុខាងលើ តែក្មេងស្រីរងគ្រោះមិនចេះហែលទឹកទេ ទើបបណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងបែបនេះទៅ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីពិនិត្យសាកសពឃើញថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន និងបានប្រគល់សាកសពឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕