(តាកែវ)៖ ក្រុមអតីតសិស្សវិទ្យាល័យ ជា ស៊ីម តាកែវ ជំនាន់ឆ្នាំ១៩៨៦ បានរៀបចំពិធីរំលឹកគុណគ្រូ ពិធីសម្ពោធសួនច្បារ និងបង់អង្គុយរបស់សិស្ស ព្រមទាំងអភិសេកបដិមាព្រះបាទជ័យវរ្ម័នទី៧ និងបដិមាហ្លួងព្រះស្ដេចកន (ព្រះបាទស្រីជេដ្ឋា) ផងដែរ នៅសួនច្បារនៃវិទ្យាល័យ ជា ស៊ីម តាកែវ។
កម្មវិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០១៩។
លោក រិន រ៉ាវី តំណាងឱ្យក្រុមសិស្សទាំងអស់ បានថ្លែងឱ្យដឹងថា កាលពី៣០ឆ្នាំមុន ពួកយើងដែលជាកូនកសិករមកពីស្រុកទាំង១០របស់ខេត្តតាកែវ មានគ្នាជាង២០០នាក់ បានមកបន្តរៀនសូត្រប្រឡងយកសញ្ញាបត្រមធ្យមសិក្សាកម្រិត២ ដោយសិស្សខ្លះធ្វើតូបស្នាក់នៅ ខ្លះទៀតរស់នៅមណ្ឌលកុមារកំព្រា និងស្នាក់នៅក្នុងវត្តអារាមជាដើម។
លោកថា ដោយមានឆន្ទៈក្នុងការចង់ចេះចង់ដឹង និងដោយមានការខិតខំប្រឹងប្រែងអប់រំណែនាំ និងបង្រៀនពីសំណាក់លោកគ្រូអ្នកគ្រូផងដែរ បានធ្វើឱ្យសិស្សទាំងអស់បានទទួលជោគជ័យរហូតដល់ពេលបច្ចុប្បន្ននេះ។
លោក រិន រ៉ាវី បានថ្លែងបន្តថា គុណរបស់លោកគ្រូអ្នកគ្រូប្រៀបដូចជាឪពុកម្ដាយទី២ ដែលមិនអាចកាត់ថ្លៃបាននោះទេ ដូច្នេះផ្ដើមចេញពីសាលា និងលោកគ្រូអ្នកគ្រូ បានធ្វើឱ្យក្រុមសិស្សវិទ្យាល័យ ជា ស៊ីម តាកែវ ជំនាន់ឆ្នាំ១៩៨៦ រៀបពិធីជួបជុំគ្នាសម្ដែងការដឹងគុណចំពោះលោកគ្រូអ្នកគ្រូ និងការរៃអង្គាសថវិការយកមកកសាងបដិមា «ព្រះបាទជ័យវរ្ម័នទី៧» ដែលជាព្រះមហាត្រដ៏ល្បីល្បាញរបស់ខ្មែរពីអតីតកាល និងបដិមាហ្លូងព្រះស្ដេចកន ដែលមានព្រះនាមសម្រាប់រាជ្យថា «ព្រះបាទស្រីជេដ្ឋាអធិរាជរាមាធិបតី» ដើម្បីទុកឲ្យសិស្សានុសិស្សជំនាន់ក្រោយបានស្គាល់ និងគោរពបូជា។
លោក រិន រ៉ាវី បានបន្ថែមថា ក្រុមអតីតសិស្សវិទ្យាល័យ ជា ស៊ីម ជំនាន់ ឆ្នាំ១៩៨៦ និងបន្តជួបជុំពិធីរំលឹកគុណលោកគ្រូអ្នកគ្រូតទៅទៀត ហើយក៏នឹងរៃអង្គាសថវិកាជួយជួសជុលកសាងសាលា។ ម្យ៉ាងទៀតសកម្មភាពនេះ ក៏ជាគំរូដ៏ល្អសម្រាប់សិស្សានុសិស្សជំនាន់ក្រោយយកតម្រាប់តាមផងដែរ៕