(កណ្តាល)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាច្រើននាក់ បានសង្ស័យថា មន្ត្រីជំនាញជលផលនៅតំបន់នេះ អាចនឹងបើកដៃឲ្យក្រុមអូសងៀម អូសឆៃយ៉ា និងអូសយាំងកាវជាច្រើនទូកបំផ្លាញធនធានមច្ឆាជាតិតាមដងទន្លេបាសាក់ នារដូវបិទការនេសាទ។

ក្រុមអូសងៀម ឬឆៃយ៉ា និងយាំងកាវទាំងនេះ មានដែនកំណត់អូសទូក ចាប់ពីទូកចម្លងកំពង់ព្រីង រហូតមកដល់ទូកចម្លងក្បាលកោះប៉ុណ្ណោះ។ ពួកគេអូសទៅអូសមកតែចំណុចនោះឡើងវិលទឹក ពុលត្រីគ្មានសល់នោះទេ រយៈពេលច្រើនឆ្នាំហើយ។ ក្រុមនេះធ្វើសកម្មភាពទាំងប្រាំង ទាំងវស្សា មិនដែលសម្រាកនោះទេ។ នេះបើតាមប្រភពពីប្រជាពលរដ្ឋ។

ប្រភពដដែលបានបន្តថា ក្រុមទូកអូសងៀម ឬឆៃយ៉ា និងយាំងកាវនេះ អ្នកអូសជាជនជាតិខ្មែរ តែថៅកែជាជនជាតិវៀតណាម ហើយអូសនៅចំណុច ពីទូកចម្លងកំពុងព្រីងរហូតទូក ចម្លងក្បាលកោះធ្វើសកម្មភាព ទាំងថ្ងៃទាំងយប់ ជាច្រើនទូករហឹងពេញក្នុងទន្លេ ហើយការអូសនេះ គេមិនមែនអូសធម្មតា បានត្រីច្រើននោះទេ គេមានឧបករណ៍ឆក់ត្រជាក់ ដាក់បាតទូក ឬហៅថាឆក់ស្រូបប្រភេទត្រីអត់ស្រកា គឺចូលទាំងអស់មិនអាចគេរួចទេ គឺចូលទាល់តែរលាយហិនហោចអស់ហើយ ដោយសារក្រុមនេះ។

បើតាមប្រភពដដែល បានបន្តថា កាលពីមុនគាត់បង់សំណាញ់ ឬដងព្រាំតែ២ឬ៣ ព្រាំ បានត្រីស្លរមិនអស់ផង លុះពេលមានទូកអូសងៀម ឬអូសឆៃយ៉ា និងយាំងកាវ នៅទីនេះមក ទោះបីដង១០០ ក៏រកត្រី១សម្លរមិនបានផងដែរ ហើយសកម្មភាពចាប់ត្រីទាំងតូចទាំងធំនេះ គឺរាប់ឆ្នាំមកហើយ មិនដែលឃើញកម្លាំងជលផលស្រុក ឬខេត្តចុះមកហាមឃាត់នោះឡើង។

និយាយដល់ចំណុចពលរដ្ឋឈរនៅក្បែរនោះ បានលាន់មាត់ថា «ទៅធ្វើស្អីចេញបើវារៀបចំរួចអស់ហើយ បើមិនចឹងស្មានថាវាអូនបាន ឬបើសកម្មភាពរាល់ថ្ងៃ ដូចហែកឋិនពេញដងទន្លេនោះ វាគ្មានអ្វីចម្លែកនោះទេ វាសាំងភ្នែកអស់ទៅហើយ»

អ្វីដែលគួរឲ្យសោកស្តាយនោះប្រជាពលរដ្ឋ បានអស់ទំនុកចិត្តលើជំនាញ់ជលផល ហើយសុខចិត្តសំងំបិទភ្នែក ទាំងក្តីសោកស្តាយបំផុត នៅធនធានមច្ឆាជាតិត្រូវវិនាស ពី១ឆ្នាំទៅ១ឆ្នាំនោះ៕