(កណ្តាល)៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានថ្លែងថា ផ្លូវស្អាត ភូមិដ្ឋានស្អាត ទីក្រុងស្អាត លុះត្រាតែមានការចូលរួម ពីប្រជាពលរដ្ឋទាំងអស់។

លោកបានលើកឡើងបែបនេះ នៅក្នុងព្រឹត្តិការលោកដឹកមន្ត្រី នៃមន្ទីរសាធារណការទាំងអស់ ដើរសំអាតតាមដងផ្លូវ នានាក្នុងក្រុងតាខ្មៅ ដោយមានការចូលរួម ពីប្រធានមន្ទីរជាច្រើននៅខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩។

លោក ម៉ឹង យូឡេង បាននិយាយថា ដោយបានការអនុញ្ញាត ពីបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល លោកបានដឹកនាំកម្លាំងនៃមន្ទីរសាធារណៈការ ២៥០នាក់ ចុះកើបដីខ្សាច់ និងរើសសម្រាមនៅតាមផ្លូវជាតិសំខាន់ៗ នៅក្រុងតាខ្មៅ ក្នុងនោះរួមមាន៖ កំណាត់ផ្លូវជាតិលេខ២១, ២១A,១១៥ និងផ្លូវជាតិលេខ២។

ចំណែកប្រជាពលរដ្ឋ នៅក្រុងតាខ្មៅទាំង៦សង្កាត់ គឺបោសសម្អាតផ្លូវ ដែលមាននៅក្នុងសង្កាត់របស់ខ្លួនរៀងៗខ្លួន។ លោកថ្លែងថា ការចុះសម្អាតផ្លូវនេះ គឺដើម្បីជាការក្រើនរំលឹក ដាស់តឿនដល់ប្រជាពលរដ្ឋផ្សេងទៀត ធ្វើយ៉ាងមិចឱ្យទីក្រុងងក្លាយទៅជា ទីក្រុងមួយដ៏ស្អាត, គ្មានសម្រាម, គ្មានការប្រឡាក់ថ្នល់ ជាទីក្រុងដែលមានភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរណ៍ ឈានទៅយកបានរំដួល៣ទង នៅពេលអនាគតនេះ។

ជាមួយគ្នានេះដែរ លោកក៏បានចុះអប់រំណែនាំ ដល់ប្រជាពលរដ្ឋ ដែលលក់ដូរនៅតាមផ្លូវ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្មដឹកជញ្ជូនដី, ខ្សាច់ និងសម្ភារសំណង់ផ្សេងៗ ពិសេសដេប៉ូខ្សាច់ទាំង៩កន្លែង នៅក្នុងក្រុងតាខ្មៅ សូមដឹកកុំឱ្យលើសទំងន់ ហើយត្រូវគ្របវេចខ្ចប់ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស កុំឱ្យធ្លាក់ដី, ខ្សាច់ មកលើផ្លូវថ្នល់ ហើយប្រសិនបើពួកគាត់ មិនគោរពតាមនោះទេ មន្ទីរនឹង សហការជាមួយប៉ូលិសចរាចរណ៍ ផាកពិន័យទៅតាមផ្លូវច្បាប់។

លោកបញ្ជាក់ថា លោកបម្រើប្រជាពលរដ្ឋ តែមិនបម្រើដល់បុគ្គល ដែលបំផ្លិចបំផ្លាញបរិស្ថាន និងសោភ័ណ្ឌភាពទីក្រុងបាននោះទេ៕