(ភ្នំពេញ)៖ លោក ប៉ិច បូឡែន អគ្គនាយក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានថ្លែងថា សាលាភាសាអង់គ្លេស Leaderland គឺជាជម្រើសថ្មីមួយទៀត សម្រាប់អ្នកសិក្សា នៅក្នុងសតវត្សទី២១នេះ។
ថ្លែងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ លោក ប៉ិច បូឡែន បានបន្តយ៉ាងដូច្នេះថា៖ «Leaderland គឺជាជម្រើសថ្មីមួយទៀត សម្រាប់អ្នកសិក្សា នៅក្នុងសតវត្សទី២១នេះ។ យើងបង្កើត Leaderland អត់មានចេតនាទៅប្រកួតប្រជែង ជាមួយសាលាភាសាអង់គ្លេសដទៃទេ ប៉ុន្តែ Leaderland នឹងក្លាយជាជម្រើសមួយ ដែលអ្នកដទៃអាចពិចារណាបាន»។
មូលហេតុដែល លោកអគ្គនាយករូបនេះ បានថ្លែងបែបនេះដោយសារតែ Leaderland បានរៀបចំកម្មវិធីសិក្សាភាសាអង់គ្លេស ដោយភ្ជាប់នឹងជំនាញ ៣យ៉ាងគឺ ភាពជាអ្នកដឹកនាំ (Leadership), ភាពជាសហគ្រិន (Entrepreneurship), និងបច្ចេកវិទ្យា (Technology)។
លោក ប៉ិច បូឡែន បានថ្លែងថា ចំពោះចំណុចភាពជាអ្នកដឹកនាំ គឺសាលាភាសាអង់គ្លេសនេះ បានយកវិធីសាស្ត្រ 7 habits (ទម្លាប់៧យ៉ាង) មកបញ្ចូលក្នុងកម្មវិធីសិក្សា។ មូលហេតុ ដែលនាំឲ្យយកចំណុចនេះ ដាក់ក្នុងកម្មវិធីសិក្សា ព្រោះលោកមើលឃើញថា ទាក់ទងនឹងភាពជាអ្នកដឹកនាំនេះ អ្នកខ្លះមានចំណេះក៏ដោយ មានជំនាញក៏ដោយ ប៉ុន្តែបញ្ហាលើអត្តចរិត គឺពិតជាពិបាក ក្នុងការធ្វើជាអ្នកដឹកនាំតែម្តង។
លោកបញ្ជាក់ថា «ជួនកាលចេះដឹងច្រើន ប៉ុន្តែគ្រាន់តែឡើងនិយាយទីនេះ អត់ហ៊ានឡើងនិយាយផង។ ពេលខ្លះធ្វើការងារល្អរៀងៗ ប៉ុន្តែពេលធ្វើការងារជាក្រុម បែរជាប៉ះពាល់គ្នា ទៅធ្វើការកន្លែងណា ក៏អត់បានល្អ ឬក៏យើងរកស៉ីជាមួយគេ ឈ្លោះនឹងគេទៀត»។
ទន្ទឹមនឹងនេះ Leaderland ក៏មានបង្រៀនពីស្មារតីសហគ្រិនភាព។ បើតាមលោក ប៉ិច បូឡែន ស្មារតីសហគ្រិននេះ មិនមែនមានន័យថា ភាពជាថៅកែទេ ប៉ុន្តែមានន័យថា ក្នុងអារម្មណ៍ជាស្ថាបនិក ឬផ្តួចផ្តើមធ្វើអ្វីមួយ ទោះបីជាបុគ្គលិកគេ ឬធ្វើការរកស៉ីខ្លួនឯងក៏ដោយ ក៏មានអារម្មណ៍ខ្លួនឯងចេះបង្កើតថ្មី។ លោកថ្លែងថា «ឲ្យគាត់មានគំនិតបង្កើតថ្មី អញ្ចឹងពេលគាត់បានរៀននៅទីនេះ គាត់បានដឹងពីការវិវត្ត ពាណិជ្ជកម្ម អាជីវកម្មស្រុកយើង តើវាដើរដល់ណាហើយ»។
លើសពីនេះទៅទៀត ក្រៅពីបង្រៀនភាសាអង់គ្លេស គឺសាលានេះ មានបង្រៀនបច្ចេកវិទ្យា។ លោក ប៉ិច បូឡែន បានថ្លែងថា លោកមិនចង់ឃើញមនុស្សជំនាន់ក្រោយ នៅប្រទេសកម្ពុជា ជាពិសេសសិស្សដែលរៀននៅសាលា Leaderland រត់តាមបច្ចេកវិទ្យានោះទេ ពោលលោកចង់ឲ្យសិស្ស នៃសាលានេះដើរទាន់ពីបច្ចេកវិទ្យា ដែលកំពុងប្រើប្រាស់លើពិភពលោក ដូចប្រទេសដទៃដែរ។
លោកបញ្ជាក់បន្តថា «បច្ចេកវិទ្យាដើរដល់ណាហើយ? យើងឃើញហើយប្រទេសយើង ដើរក្រោយគេ១០ ឬ២០ឆ្នាំមែន ប៉ុន្តែភាពយុត្តិធម៌មួយ នៃបច្ចេកវិទ្យា មានន័យថា គេដើរដល់១០ យើងចាប់ផ្តើម១ ឬ២ ឬ៣ អត់ទេ យើងអាចលោតមកដល់ ១០ជំហាន»។
គួរបញ្ជាក់ថា សាលាភាសាអង់គ្លេសលីដឺលែន គឺជាសាលារៀនដែលទំនើបឈានមុខមួយ នៅក្នុងប្រទេសកម្ពុជា ដែលបាននាំយកនូវការបង្រៀន បែបបច្ចេកវិទ្យាសម័យទំនើប តាមរយៈប្រព័ន្ធបច្ចេកវិទ្យាបំពាក់លើភ្នែក ដែលមានឈ្មោះថា Virtual Reality (VR) ជាច្រើនគ្រឿង ពីក្រុមហ៊ុន SilVRgrow TECHNOLOGY PTE LTD ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា អប់រំឈានមុខគេ ដែលមានឧបករណ៍សម្រាប់បច្ចេកវិទ្យា VR និង AR ។ ដោយមានការិយាល័យកណ្តាលនៅប្រទេសសឹង្ហបូរី ក្រុមហ៊ុនផ្តល់ជូននូវដំណោះស្រាយការសិក្សាថ្មី ដល់សាលារៀនកំរិតបឋម និងមធ្យមសិក្សានៅអាស៉ីអាគ្នេយ៍ ហើយបច្ចុប្បន្ននេះ មានប្រទេសជឿនលឿន និងកំពុងអភិវឌ្ឍន៍ជាច្រើននៅលើពិភពលោក កំពុងតែដាក់ដំណើរបច្ចេកវិទ្យា VR មួយនេះ ក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ គឺនៅសាលាភាសាអង់គ្លេស លីដឺលែននេះផ្ទាល់តែម្តង។
សាលាភាសាលីដឺលែន គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន វេសឡាញន អេឌ្យូខេសិន គ្រុប និងមានស្ថិតនៅអគារលេខ៩ ផ្លូវលេខ៣៦២ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វគ្គសិក្សាថ្មី នឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩។
កម្មវិធីបង្រៀនភាសាអង់គ្លេស របស់សាលាភាសាលីដឺលែន រួមមាន៖ *១៖ General English Program*២៖ English for Academic Purposes*៣៖ English for Business*និង៤៖ TOEFL / IELTS Preparation ៕