(ភ្នំពេញ)៖ មជ្ឈមណ្ឌលកម្សាន្តកុមារ ឃីដ ផាក សាខាទី០១(ថ្មី) បានចាប់បើកឲ្យដំណើរការទទួលភ្ញៀវហើយ ដែលមានទីតាំងនៅផ្សារទំនើប AEON ភ្នំពេញ ជាន់ទី០១។ មជ្ឈមណ្ឌលកម្សាន្តកុមារ ឃីដ ផាក ជាកន្លែងដ៏សំខាន់សម្រាប់កុមារមកលេងកម្សាន្តសប្បាយ និង លំហែកាយ ក្រោយពីការសិក្សារបស់ពួកគាត់ និងប្រកបដោយសុខមាលភាពល្អ។

ពិធីសម្ពោធដាក់ឲ្យដំណើររបស់មជ្ឈមណ្ឌលកម្សាន្តកុមារ ឃីដ ផាក នេះ ធ្វើឡើង នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី០១ ដោយមានការចូលរួមពី លោក មាស សុភ័ក្រ នាយកគ្រប់គ្រង នៃមជ្ឈមណ្ឌលកម្សាន្តកុមារ ឃីដ ផាក រួមនឹងថ្នាក់ដឹកនាំ និងបុគ្គលិកជាច្រើននាក់ផងដែរ។

មជ្ឈមណ្ឌលកម្សាន្តកុមារ ឃីដ ផាក សាខាទី០១ថ្មី ត្រូវបានបង្កើតឡើង ដោយមានលក្ខណៈស្តង់ដារ មានសម្ភារបរិក្ខាកម្សាន្តជាច្រើនប្រភេទ តាមវ័យរបស់កុមារ អាយុចាប់ពី០២ ដល់១២ឆ្នាំ ដែលមានដូចជា៖ និនចាវ៉េ (Ninja Way), ហ្សិបឡាញ (Zip Line), ត្រាមពូលីង (trampolines), ឡើងជញ្ជាំង (Climbing), អាងខ្សាច់ (Sand Pool)និងមានឧបករណ៍ជាច្រើនទៀត ព្រមទាំងមានកន្លែងសម្រាប់អាណាព្យាបាលអង្គុយរង់ចាំខាងក្រៅផងដែរ។

លោក មាស សុភ័ក្រ នាយកគ្រប់គ្រងបានលើកឡើងថា «មជ្ឈមណ្ឌលកម្សាន្តកុមារយើងខ្ញុំ គឺផ្តោតសំខាន់លើ ការរចនាប្លង់ និងគំនិតបង្កើតថ្មីស្របតាមបច្ចេកវិទ្យាស្តង់ដាទំនើប នាសម័យបច្ចុប្បន្នប្រកបដោយបច្ចេកទេសត្រឹមត្រូវ ហើយធានាបាននូវអនាម័យ និងសុវត្ថិភាពខ្ពស់។ មជ្ឈមណ្ឌលកម្សាន្តកុមារយើងខ្ញុំ មានបុគ្គលិកជំនាញក្នុងការបំរើសេវាកម្មជូនប្រកបដោយវិជ្ជាជីវៈ និងឆ្លងកាត់វគ្គបណ្តុះបណ្តាលបានត្រឹមត្រូវ»។

លោកបន្ថែមថា ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីអតិថិជនទូទៅ មកទល់នឹងពេលនេះ មជ្ឈមណ្ឌលកម្សាន្តកុមារ ឃីដ ផាក កម្រិតស្តង់ដារ និងទំនើប មានចំនួន០៥ទីតាំងហើយ នៅតាមផ្សារទំនើប និង មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានសក្កដានុពលទីផ្សារល្អ ដូចជា៖
១៖ ផ្សារទំនើប អ៊ីអនម៉លភ្នំពេញ (AEON Phnom Penh Mall)
២៖ ផ្សារទំនើប អ៊ីអនម៉លសែនសុខស៊ីធី (AEON Sen Sok City Mall)
៣៖ ផ្សារដឹហេរិថេកវ៉ក ខេត្តសៀមរាប (The Heritage Walk, Siem Reap)
៤៖ ផ្សារអ៊ិចឆេងស្វ៊ែ (Exchange Square Mall)
៥៖ ផ្សារទំនើប មិឌថោន(Midtown Mall) និងបន្តការសាងសង់ពីរកន្លែងទៀតនៅទីតាំង ប៊ីឃេ វ៉ឡីម៉ល (BK Valley Mall) ដែលនឹងរួចរាល់នៅចុងឆ្នាំ២០១៩ និង នៅប៉េងហួតដាយមិនផ្លេស (PH Diamond Place) ដែលនឹងរួចរាល់នៅខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។

មជ្ឈមណ្ឌលកម្សាន្តកុមារ ឃីដ ផាក ចាប់បើកដំណើរការពីម៉ោង៩ព្រឹក ដល់ម៉ោង១០យប់ និងទទួលភ្ញៀវកុមារ ចាប់ពីអាយុ០២ ឆ្នាំដល់១២ និងកម្ពស់ចាប់ពី ៦០cm ដល់១៤៥cm ចាប់បើកជារៀងរាល់ថ្ងៃ ពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ។ ក្នុងនោះមជ្ឈមណ្ឌលកម្សាន្តកុមារនេះ ក៏មានបើកទទួលការរៀបចំកម្មវិធីខួបកំណើតផងដែរ។

លោក មាស សុភ័ក្រ បានបញ្ជាក់បន្ថែមទៀតថា «ក្រុមហ៊ុនក៏មានផែនការបន្តការវិនិយោគបន្ថែមទៀត មិនថានៅរាជធានីភ្នំពេញ និងតាមបណ្តាលខេត្ត ដោយក្រុមហ៊ុនកំពុងសិក្សាមើលពីលទ្ធភាព ឱកាសវិនិយោគ និងក៏សូមស្វាគមន៍ដៃគូរសហការវិនិយោគ ក្នុងស្រុកនិងក្រៅស្រុកផងដែរ ហើយយើងសង្ឈឹមយ៉ាងមុតមាំថា នឹងមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនទាំងអស់»