(សៀមរាប)៖ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការងាររបស់គណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ របស់ខេត្តសៀមរាប។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីមន្ត្រីរាជការតាមមន្ទីរស្ថាប័នពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធ អង្គការជាដៃគូរ និងអាជ្ញាធរទូទាំងខេត្តចំនួន៣៩១នាក់។
តាមរបាយការណ៍របស់លោក លី សំរិទ្ធ អភិបាលរងខេត្ត បានឲ្យដឹងថា ខេត្តសៀមរាប ទទួលរងគ្រោះរាំងស្ងួត បណ្តាលឲ្យប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ចំនួន៤,៥៩២ ហិកតា ក្នុងនោះខេត្តបានជួយសង្រ្គោះបានចំនួន២,៥៧១ ហិកតា នឹងកំពុងសង្គ្រោះបន្ត។ ខ្យល់កន្រ្តាក់ប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ ៣៤២ខ្នង, រន្ទៈបាញ់ស្លាប់មនុស្សចំនួន៦នាក់។
ប៉ុន្តែលទ្ធភាពនៃការឆ្លេីយតបរបស់ខេត្តនៅមានកម្រិត និងសុំឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជួយដេីម្បីខេត្តមានលទ្ធភាពឆ្លេីយតបបានទាន់ពេលវេលា។ ការឆ្លើយតបទៅនិងគ្រោះមហន្តរាយកន្លងមក ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សប្បុរសជននានា ព្រមទាំងមានកិច្ចសហការជាមួយសាខាកាកបាទក្រហមខេត្ត និងកាកបាទក្រហមកម្ពុជាបានចុះសួរសុខទុក្ខ និងចែកអំណោយ ដល់គ្រួសាររងគ្រោះបានទាន់ពេលវេលា។
អង្គប្រជុំក៏បានស្តាប់នូវបទបង្ហាញរបស់បណ្តានាយកដ្ឋាន ចំណុះគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) ជុំវិញការផ្តល់ព័ត៌មាន ការត្រៀមបង្ការ និងវិធានការឆ្លេីយតបគ្រោះមហន្តរាយ។
បន្ទាប់ពីនាំការផ្តាំផ្ញេីរសួរសុខទុកពីសម្តេចទាំងពីរ ជូនសមាជិកអង្គប្រជុំរួចមក ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានលេីកសសេីរការខិតខំបំពេញការងាររបស់គណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តដែលបានខិតខំបំពេញការងារកន្លងមក និងបានណែនាំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ គ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់លេីការងារប្រមូលព័ត៌មាន ពីគ្រោះមហន្តរាយគ្រប់ទីកន្លែងឲ្យបានលឿន ត្រូវធ្វេីផែនការត្រៀម បង្ការ ជាមុន និងឆ្លេីយតបអោយបានទាន់ពេលវលា ដោយប្រេីកម្លាំងសរុប មធ្យោបាយសរុប ផ្តោតសំខាន់លេីការសង្គ្រោះអាយុជីវិតមនុស្សជាអាទិភាព។
ដេីម្បីធ្វេីបានដូចខាងលេី ទេសរដ្ឋមន្ដ្រី គន់ គីម បានណែនាំដល់គ្រប់ថ្នាក់ ត្រូវពង្រឹងសមត្ថភាពរបស់មន្ត្រីជំនាញ ដេីម្បីមានគ្រប់លក្ខណៈសម្បត្តិក្នុងការឆ្លេីយតបបានទៅគ្រប់សភាពការណ៍ដែលកេីតឡេីង៕