(ភ្នំពេញ)៖ សិទ្ធិអ្នកនិពន្ធ គឺជាសិទ្ធិរបស់ម្ចាស់ស្នាដៃក្នុងការទទួលបាននូវ កិច្ចការពារស្របច្បាប់លើស្នាដៃរបស់ខ្លួន ដែលត្រូវបានបង្កើតឡើងដោយបញ្ញា ស្មារតី និងមនោសញ្ចេតនារបស់អ្នកនិពន្ធ ។
ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលមាន គោលបំណងធានាការគោរពសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងការពារនូវផលិតផលវប្បធម៌ ជាស្នាដៃអ្នកនិពន្ធ អ្នកសម្តែង ផលិតករហ្វូណូក្រាម និងអង្គភាពទូរផ្សាយ សំដៅធានាដល់សណ្តាប់ធ្នាប់ ក្នុងការធ្វើអាជីវកម្មមួយត្រឹមត្រូវស្របច្បាប់ លើស្នាដៃដែលជាផលិតផលវប្បធម៌ទាំងនោះ ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍន៍វិស័យវប្បធម៌ ។
តើស្នាដៃ និងសិទ្ធិប្រភេទណាខ្លះរបស់អ្នកនិពន្ធដែលទទួលបានកិច្ចការពារ?
កម្មវិធីយល់ដឹងផ្នែកច្បាប់ ដែលមានកិច្ចសហការរវាងអង្គភាពសារព័ត៌មាន Fresh News ជាមួយក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទដែលទាក់ទងនឹង «សិទ្ធិអ្នកនិពន្ធ» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ ដូចខាងក្រោម៖
អនុលោមតាមច្បាប់ស្តីពីអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល បានបញ្ញត្តិថា ស្នាដៃរបស់អ្នកនិពន្ធត្រូវបាន ធ្វើការបែងចែកជា ០២ ប្រភេទ គឺ ស្នាដៃដើម និងស្នាដៃបន្ត ។
ត្រូវចាត់ទុកថាជាស្នាដៃដើម គឺស្នាដៃទាំងឡាយដែលបង្កើតឡើង តាមគំនិតប្រាជ្ញាផ្ទាល់ របស់អ្នកនិពន្ធនៃស្នាដៃនោះ ចំណែកឯស្នាដៃបន្ត ដែលនៅក្នុងនោះមានការបកប្រែ ការយកលំនាំ តាមការសម្រួល ការកែច្នៃ ឬការកែលំអស្នាដៃផ្សេងទៀត ឬការចងក្រងប្រព័ន្ធទិន្នន័យទោះបីជាក្នុងម៉ាស៊ីនដែលអាចអានបាន ឬក៏ជាទម្រង់ផ្សេងទៀត ឬក៏ត្រូវទទួលបាននូវកិច្ចការពារពីច្បាប់នេះដែរ ។
កិច្ចការពារស្នាដៃណាមួយដែលមានចែងខាងលើ គឺដើម្បីធានាក្នុងការមិនធ្វើឲ្យបាត់បង់ សិទ្ធិចំពោះកិច្ចការពារស្នាដៃដើម ដែលត្រូវបានបញ្ចូល ឬប្រើប្រាស់សម្រាប់បង្កើតស្នាដៃថ្មី ។
យោងតាមមាត្រា ៣ នៃច្បាប់ស្តីពីអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ស្នាដៃដែលទទួលបានកិច្ចការពារពីច្បាប់នេះ មានដូចខាងក្រោម៖
១៖ ស្នាដៃអ្នកនិពន្ធសំដៅៈ
ក. ស្នាដៃដែលបង្កើតឡើងដោយជនមានសញ្ជាតិខ្មែរ ឬជនដែលមានលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាននីតិបុគ្គល ហើយត្រូវបានបង្កើតឡើងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការិយាល័យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ខ. ស្នាដៃដែលបានបោះពុម្ពផ្សាយលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬស្នាដៃដែលបានបោះពុម្ពផ្សាយលើកដំបូងនៅបរទេស ហើយដែលត្រូវបានយកមកបោះពុម្ពផ្សាយ នៅក្នុងរាជាណាចក្រកម្ពុជាក្នុងអំឡុង៣០ថ្ងៃ ។
គ. ស្នាដៃសោតទស្សន៍ដែលផលិតករមានទីស្នាក់ការ ឬមានទីលំនៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ឃ. ស្នាដៃស្ថាបត្យកម្មដែលបានសាងសង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងស្នាដៃសិល្បៈផ្សេងៗទៀតដែលភ្ជាប់ទៅនឹងអគារ ឬរចនាសម្ព័ន្ធផ្សេងទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ង. ស្នាដៃដែលព្រះរាជាណាចក្រកម្ពុជា មានកាតព្វកិច្ចការពារក្រោមសន្ធិសញ្ញាអន្តរជាតិ ។
២៖ ស្នាដៃអ្នកសម្តែងសំដៅៈ
ក. ស្នាដៃរបស់អ្នកសម្តែងដែលមានសញ្ជាតិខ្មែរ ។
ខ. ស្នាដៃរបស់អ្នកសម្តែងដែលពុំមានសញ្ជាតិខ្មែរ តែការសម្តែងនោះ
• បានប្រព្រឹត្តឡើងនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា
• បានថតបញ្ចូលជាហ្វូណូក្រាមដែលស្ថិតក្រោមកិច្ចការពារនៃច្បាប់ ឬ
• ពុំទាន់បានថតបញ្ចូលជាហ្វូណូក្រាម ប៉ុន្តែបានផ្សព្វផ្សាយតាមទូរផ្សាយដែលស្ថិតក្រោមកិច្ចការពារនៃច្បាប់ ។
៣៖ ហ្វូណូក្រាមសំដៅៈ
ក. ហ្វូណូក្រាមរបស់ផលិតករមានសញ្ជាតិខ្មែរ ។
ខ. ហ្វូណូក្រាមដែលបានថតបញ្ចូលសូរសម្លេងជាលើកដំបូង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
គ. ហ្វូណូក្រាមដែលបានថតបញ្ចូលផ្សាយលើកដំបូង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
៤៖ ការផ្សាយតាមទូរផ្សាយសំដៅៈ
ក. ការផ្សាយនៃអង្គភាពទូរផ្សាយដែលមានទីស្នាក់ការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ខ. ការផ្សាយចេញពីឧបករណ៍ផ្សាយដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ប៉ុន្តែមានស្នាដៃមួយចំនួនទៀតមិនអនុញ្ញាតឲ្យទទួលបានកិច្ចការពារតាមរយៈសិទ្ធិអ្នកនិពន្ធឡើយ រួមមានជាអាទិ៍៖ រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានផ្លូវការនានា ឬ ប្រកាស សេចក្តីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ ឬ សេចក្តីសម្រេច សាលក្រម ឬសាលដីកាផ្សេងៗរបស់តុលាការ ។ល។ ចំពោះស្នាដៃប្រភេទនេះ បុគ្គលណាក៏មានសិទ្ធិថតចម្លងដើម្បីយកមកសិក្សាស្វែងយល់បានដែរ ។
នៅសប្តាហ៍ក្រោយ យើងខ្ញុំនឹងបន្តធ្វើការបកស្រាយដោយពិស្តារ ដោយផ្តោតលើវិសាលភាពនៃសិទ្ធិ លក្ខខណ្ឌ និងនីតិវិធីដើម្បីទទួលបានកិច្ចការពារពីច្បាប់លើស្នាដៃអ្នកនិពន្ធ ។
រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និងកញ្ញា សាំង សុភាព ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ៤៥៣៥ ផ្លូវលេខ១០០៣ ភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖ [email protected], គេហទំព័រ៖ www.ciclg.com, ហេ្វសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.