(ពោធិ៍សាត់)៖ ប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចុះទៅឃាត់ខ្លួននៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ នៅខេត្តពោធិ៍សាត់ផ្ទាល់តែម្តង។ ការចុះទៅឃាត់ខ្លួននេះដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយផ្ទាល់តែម្តង។
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឲ្យដឹងថា ប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដី ខេត្តពោធិ៍សាត់ ដែលត្រូវចាប់ខ្លួន៣នាក់រួមមាន៖
* ទី១៖ ឈ្មោះ លៀម ប៊ុនរឿន ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់
* ទី២៖ ឈ្មោះ ជាង វុទ្ធី អនុប្រធានមន្ទីរទទួលការងារសំណង់
* ទី៣៖ ឈ្មោះ តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រក។
ការចាប់ខ្លួនប្រធានមន្ទីរ និងអនុប្រធាន បានធ្វើឡើងនៅភោជនីយដ្ឋានមហាលាប ក្រុងពោធិ៍សាត់ នៅវេលាម៉ោងប្រមាណ៩៖៣៥នាទីព្រឹកម្សិលមិញ ទីដែលលោក និងម្ចាស់ដីជួបគ្នាដើម្បីប្រគល់លុយ និងមន្រ្តីម្នាក់ទៀត ចាប់ខ្លួននៅក្នុងពេលនោះតែម្តង។
ការចាប់ខ្លួនអ្នកទាំង៣នេះ ត្រូវបានមន្រ្តីរាជរដ្ឋាភិបាល ក៏ដូចជាមន្រ្តីនៃស្ថាប័នពាក់ព័ន្ធ បានលួចបង្ហើបប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា សង្ស័យពាក់ព័ន្ធការ ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយទារលុយពីប្រជាពលរដ្ឋ ជាម្ចាស់ដីដោយខុសច្បាប់ចំនួន១០ម៉ឺនដុល្លារជាថ្នូរចេញច្បាប់សាងសង់។
ប្រភពបានបង្ហើបប្រាប់បន្តទៀតថា ប្រធានមន្ទីរសុរិយោដី ខេត្តពោធិ៍សាត់ បានទារលុយគេ៤ម៉ឺនដុល្លារ គេមិនព្រម, បង្កការលំបាកទាល់តែគេមកអង្វរទារគេដល់១០ម៉ឺនដុល្លារ ទើបចេញច្បាប់សាងសង់ឲ្យ ហើយត្រូវកក់ភ្លាម៥០% (៥ម៉ឺនដុល្លារ)។ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ គេកក់៥ពាន់ដុល្លារ នៅបន្ទប់ការិយាល័យប្រធានតែម្តង ហើយនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ កក់ឲ្យ៤ម៉ឺន៥ពាន់ដុល្លារទៀត បង្គ្រប់៥០% នៅភោជនីយដ្ឋាន មហាលាភ ទើបអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់នាំខ្លួនមកតែម្តង។
សូមបញ្ចាក់ថា លោក លៀម ប៊ុនរឿន ត្រូវបានទទួលតំណែងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦។ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ លោកត្រូវបានតែងតាំង ជាប្រធានមន្ទីរមុខងារសាធារណៈខេត្តពោធិ៍សាត់ ដោយចេញពីអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តឧត្តរមានជ័យ។ ក្រោយមកហក់ឡើងដល់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់៕