(ភ្នំពេញ)៖ ការប្រកួតកីឡាវាយកូនគោលដណ្ដើម «ពានរង្វាន់សម្ដេចពិជ័យសេនា ទៀ បាញ់» ឆ្នាំ២០១៩ បានបើកការប្រកួតផ្លូវការហើយ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ នៅទីលានវាយកូនគោលហ្គ្រេនភ្នំពេញ ដោយមានថ្នាក់ដឹកនាំ មន្ដ្រី អ្នកជំនួញ និងកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិជាង ២០០នាក់ចូលរួម។
ពិធីបើកការប្រកួតនេះបានធ្វើឡើងក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ហើយក៏មានការចូលរួមផ្ទាល់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជាផងដែរ។
លោក ជា បូរ៉ា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ពានរង្វាន់សម្ដេចពិជ័យសេនា ទៀ បាញ់ ឆ្នាំនេះ ទទួលបានការចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនួញ និងកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ២១២នាក់។ ការប្រកួតនឹងធ្វើឡើងរយៈពេល ១ថ្ងៃប៉ុណ្ណោះ ហើយនៅល្ងាចថ្ងៃដដែល សហព័ន្ធនឹងរៀបចំពិធីប្រគល់រង្វាន់ជយលាភី នៅទីលានវាយកូនហ្គោលហ្គ្រេនភ្នំពេញ ។
គួរដឹងថា ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសសកម្មភាពលេងកីឡាវាយកូនគោល និងជំរុញការអភិវឌ្ឍវិស័យកីឡាអូឡាំពិកមួយនេះឲ្យកាន់តែរីកចម្រើន ក្នុងគោលដៅចម្រាញ់រកកីឡាករ-កីឡាការិនីត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា ពិសេសត្រៀមដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះតែម្ដង៕