Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពិធីប្រណាំងទូកខ្នាតអន្តរជាតិ ថ្ងៃទី១ «ទូកនាគ» ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១ ឆ្នាំ២០១៩ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង

28-07-2019 08:37

(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកបណ្ឌិត មាស សារិន អនុប្រធានអចិន្ត្រៃយ៍សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា ព្រមទាំងលោក ឯម ម៉ាអូរី អនុប្រធានសហព័ន្ធ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមទស្សនា ពិធីប្រណាំងទូកខ្នាតអន្តរជាតិ «ទូកនាគ» ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១ ឆ្នាំ២០១៩ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ក្នុងនោះក៏មានការចូលរួមពីអភិបាលរងខេត្ត និងសមាជិកក្រុមប្រឹក្សាខេត្ត គណៈប្រតិភូសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា តំណាងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុងស្វាយរៀង ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

បើតាមមន្ត្រីជាន់ខ្ពស់សាលាខេត្តស្វាយរៀង បានបញ្ជាក់ថា ការប្រកួតជម្រុះវគ្គទី១ ក្នុងចំណោម ០៦ទូកស្មើនឹង ០៦ខេត្ត ជាប់ចំណាត់ថ្នាក់ ០៣ទូក ក្នុងនោះមានទូកខេត្តព្រៃវែង ត្បូងឃ្មុំ និងខេត្តកណ្តាល។ ចំណែកជម្រុះ វគ្គទី២ ក្នុងចំណោម ០៣ទូក ដែលធ្លាក់ត្រូវជ្រើសរើសយកតែ ០១ទូក យកទៅបង្គ្រប់៤ទូក ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ក្នុងនោះជ្រើសរើសបានទៅលើខេត្តកំពង់ធំ។

ដូច្នេះក្រុមដែលត្រូវចូលរួមប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្ររួមមាន៖ ខេត្តព្រៃវែង, ខេត្តត្បូងឃ្មុំ, ខេត្តកណ្តាល និងខេត្តកំពង់ធំ។ រីឯក្រុមទូកដែលធ្លាក់ ០២ទូក បុរសរួមមានខេត្ត៖ ស្វាយរៀង និងខេត្តកំពង់ចាម ត្រូវប្រកួតជាមួយក្រុមទូកនារី ខេត្តស្វាយរៀង នៅថ្ងៃស្អែកតាមពេលវេលា និងទីកន្លែងដដែល៕