(មណ្ឌលគិរី)៖ កម្លាំងគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចាប់ខ្លួនជនសង្ស័យ ជាជនជាតិចិន៣នាក់ទៀតហើយ នៅក្រុមហ៊ុន ថាច់វូត ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងបទគំហែងយកនៅខេត្តមណ្ឌលគិរី។ ក្រោយចាប់ខ្លួនជនសង្ស័យទាំង ៣នាក់នេះ ត្រូវបានបញ្ជូនទៅតុលាការខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃនេះថា ជនជាតិចិនទាំង ៣នាក់នោះរួមមាន៖ ទី១៖លោក ចូវ លិហុង, ទី២៖ឈ្មោះ កើ អីកឡុង និងទី៣៖ឈ្មោះ ស៊ូ ជីងហ័រ។

បន្ថែមពីនេះលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា ជនជាតិចិនទាំង៣នាក់នេះ ក៏ជាប់ពាក់ព័ន្ធទៅនឹងការគំរាមកំហែង ជនជាតិចិនម្នាក់ផ្សេងទៀតផងដែរ ដើម្បីយកទីតាំងប្រព្រឹត្ត បទល្មើសព្រៃឈើ នៅចំណុចក្រុមហ៊ុន ថាច់វូត នេះតែម្ដង។

គួរជម្រាបថា នៅរសៀលថ្ងៃនេះ កម្លាំងគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក៏បានបញ្ជូនខ្លួនមន្ដ្រី៣នាក់ទៀត រួមមាន មន្ដ្រីរដ្ឋបាលព្រៃឈើ២រូប និងមន្ដ្រីបរិស្ថានម្នាក់ នៅខេត្ដមណ្ឌលគិរី ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ ទៅតុលាការដើម្បីចាត់ការបន្ដតាមនីតិវិធី។

មន្ដ្រីទាំង៣រូប ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ រួមមាន៖

*ទី១៖ លោក ហាន សាខន អាយុ៤៨ឆ្នាំ មានតួនាទីជា នាយកដែនជម្រកសត្វព្រៃភ្នំព្រេច លំផាត់
*ទី២៖ លោក សារូ រតនា អាយុ៤៦ឆ្នាំ នាយករងរដ្ឋបាលព្រៃឈើ
*ទី៣៖ លោក ហ៊ុន វណ្ណេ អាយុ៥៣ឆ្នាំ នាយសង្កាត់រដ្ឋបាលព្រៃឈើរយ៉ ក្នុងស្រុកលំផាត់៕