(ភ្នំពេញ)៖ លទ្ធផលបណ្តោះអាសន្នជំរឿនទូទៅប្រជាជន នៅកម្ពុជាឆ្នាំ២០១៩ នឹងត្រូវធ្វើការប្រកាសផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នាដើមខែក្រោយនេះ នៅសណ្ឋាគារភ្នំពេញ ស្ថិតក្រោមអធិបតីភាពរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩។ នេះបើតាមការបញ្ជាក់របស់លោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ ដែលបានប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថា ការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា ឆ្នាំ២០១៩ បានធ្វើឡើងដោយមានរយៈពេល ១១ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់១៣ ខែមីនា ឆ្នាំ២០១៩កន្លងទៅ។
នេះជាការធ្វើជំរឿនលើកទី៣ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលជាទូទៅធ្វើឡើងរៀងរាល់១០ឆ្នាំម្ដង ដើម្បីទទួលបានទិន្នន័យប្រជាសាស្ត្រជាក់លាក់សម្រាប់ប្រើប្រាស់ រៀបចំតាក់តែងគោលនយោបាយ ឲ្យបានត្រឹមត្រូវ និងដើម្បីធ្វើជាសូចនាករ ក្នុងការតាមដានត្រួតពិនិត្យផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា ២០១៦-២០៣០ ដោយមិនទុកឲ្យនរណាម្នាក់ឯកោឡើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានថ្លែងថា ការធ្វើជំរឿនប្រជាជនទូទៅ មានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ព្រមទាំងបានកំណត់ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជននៅទូទាំងប្រទេស។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ការធ្វើជំរឿនប្រជាជនកម្ពុជា អាចឲ្យយើងបានទិន្នន័យប្រជាសាស្ត្រពិតប្រាកដរបស់ប្រទេស និងជួយឲ្យរដ្ឋាភិបាលអាចរៀបចំតាក់តែង គោលនយោបាយបានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗ ឲ្យទទួលបានតុល្យភាព នៃការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស»៕