(បាត់ដំបង)៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ សមាគម សិស្សនិស្សិតបញ្ញវ័ន្តក្មេងវត្តសាខាបាត់ដំបង បានបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ ស្តីពីវឌ្ឍនភាព និងសកម្មភាពការងាររបស់សមាគម ២០១៨-២០១៩ និងលើកទិសដៅបន្ត នៅសាលាឆាន់វត្តពោធិ៍វាល ក្រុងបាត់ដំបង។
ពីធីនេះបានធ្វើឡើងក្រោមវត្តមានលោក ហេង ជំនិត ប្រធានសាខាសមាគមសិស្ស និស្សិតបញ្ញវ័ន្ត ក្មេងវត្ត សាខាបាត់ដំបង និងដោយមានការចូលរួមពីប្រធាន អនុប្រធាន អនុសាខាទាំង១៣ក្រុង ស្រុកនិងសមាជិក សមាជិការសមាគមសរុបក្នុងខេត្ត ប្រមាណជាង ២០០នាក់។
លោក ហេង ជំនិត បានថ្លែងថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញ ជាប្រចាំរបស់លោកបណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគម សិស្ស និស្សិត បញ្ញវ័ន្ត ក្មេងវត្តរហូតមក សាខាសមាគមសមាគម សិស្ស និស្សិត បញ្ញវ័ន្ត ក្មេងវត្តខេត្តបាត់ដំបង តែងតែចុះធ្វើសកម្មភាពការងារ មនុស្សធម៌របស់ខ្លួនក្នុងប្រយោជន៍ជាតិ។
សកម្មភាពនោះ មានគោលបំណង៖
១៖ បង្រួបបង្រួម និងឯកភាពក្នុងចំណោមសិស្ស និស្សិត បញ្ញវ័ន្តទាំងអស់
២៖ ការពារផលប្រយោជន៍សិទ្ធសេរីភាពសិស្ស និស្សិត បញ្ញវ័ន្តនៅចំពោះមុខច្បាប់
៣៖ ជួយជម្រុញការងារសិក្សាដល់សិស្ស និស្សិត បញ្ញវ័ន្ត ឲ្យមានការរីកចម្រើនឡើង
៤៖ លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ និងវិស័យកីឡា
៥៖ លើកស្ទួយកម្រិតវប្បធម៌ និងការរស់នៅរបស់សិស្ស និស្សិត បញ្ញវ័ន្តឲ្យបានសមរម្យ។
លោកប្រធានសាខាបានបញ្ជាក់ថា «សមាជិកសមាគមយើងនេះ គឺមានការចូលរួមពីគ្រប់ទិសទី មានទាំងព្រះសង្ឃ បញ្ញវ័ន្ត មន្រ្តីរាជការ សិស្ស និស្សិត សប្បុរសជន យុវជន ក្មេងស្នាក់ក្នុងវត្ត (សិស្ស និស្សិត) ប្រជាពលរដ្ឋមួយចំនួនផងដែរ»។
លោក ហេង ជំនិត បានបន្តថា ក្រោយមានរចនាសម្ព័ន្ធសមាគមហើយ ថ្នាក់ដឹកនាំ និងសមាជិកសមាគម តែងបានចុះធ្វើសកម្មភាព ការងារមនុស្សធម៌ជាធំ តាមរយ:ការចុះសួរសុខទុក្ខ ដល់សមាជិកក្មេងវត្ត និងប្រជាពលរដ្ឋទូទៅ ដែលកំពុងជួបការលំបាកខ្វះខាត អ្នកមានជម្ងឺ ជនក្រីក្រ ក្មេងកំព្រា ជនចាស់ជរា និងអ្នករងគ្រោះផ្សេងទៀត ព្រមទាំងធ្វើកិច្ចការសង្គមផ្សេងទៀតផងដែរ។
លោកបានបន្តទៀតថា ក្នុងនាមសមាជិកក្មេងវត្ត គឺចូលមកធ្វើការងារនេះ ដោយលះបង់ធនធានផ្ទាល់ខ្លួន ធ្វើដោយឆន្ទ: មិនមែនមកធ្វើដើម្បីមុខតំណែង និងដើម្បីស្វែងរកចំណេញ លាភសក្ការៈនោះឡើយ គឺត្រូវបម្រើការងារមនុស្សធម៌ និងកិច្ចការសង្គមជាធំ។
ក្នុងឱកាសនោះលោកប្រធាន បានប្រគេនទេយ្យទានដល់ព្រះសង្ឃ ៤អង្គមាន៖ អង្ករ១០០គីឡូក្រាម មី២កែស ទឹកសុទ្ធវីតាល់២កែស ទឹកត្រី ស៊ីអ៊ីវ៤យួរ និងបច្ច័យក្នុង១អង្គ៥ម៉ឺនរៀល ព្រមទាំងជូនអាហារថ្ងៃត្រង់ នៅក្នុងវត្តដល់សមាជិកទាំងអស់ផងដែរ៕