(ភ្នំពេញ)៖ ដុតកម្ទេចសំណល់វេជ្ជសាស្ត្រ ដែលជាស្នាដៃរបស់កូនខ្មែរ ត្រូវសម្ពោធដាក់ឱ្យដំណើរការ នៅអង្គភាពគ្រប់គ្រងសេវាកម្ម សំណល់វេជ្ជសាស្ត្រ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន រាជធានីភ្នំពេញ ស្ថិតនៅទីលានសំណល់វេជ្ជសាស្ត្រ ខណ្ឌដង្កោ។
ពិធីសម្ពោធនេះ ត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមវត្តមានលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន នាយករងរដ្ឋបាលរាជធានីភ្នំពេញ និងជានាយកសាខាកាកបាទក្រហមរាជធានីភ្នំពេញ និងលោកឧកញ៉ា សុខ ហួត នាយកប្រតិបត្តិអង្គភាពគ្រប់គ្រងសេវាកម្មសំណល់វេជ្ជសាស្ត្រ។
លោក ជិន ប៊ុនធឿន បានឱ្យដឹងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ឡដុតកម្ទេចសំណល់វេជ្ជសាស្ត្រ នឹងធ្វើឱ្យអង្គភាពគ្រប់គ្រងសេវាកម្ម សំណល់វេជ្ជសាស្ត្រ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមថែរក្សាបរិស្ថាន នៅក្នុងរាជធានីភ្នំពេញ ដែលជាការងាររួមជាមួយកាក់សំណល់រឹង កាកសំណល់រាវ ដែលបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់រួច ហើយសំណល់វេជ្ជសាស្ត្រនេះ គឺចាំបាច់ត្រូវតែមានការរៀបចំទុកដាក់ ដើម្បីធ្វើការដុតបំផ្លាញឱ្យបានរៀបរយ។
លោកបានបន្តថា ចំណែកការគ្រប់គ្រងសេវាកម្មគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរកចំណូលបន្ថែមទៀត ដើម្បីជាចំណែកជួយដល់ស្ថាប័នមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ មិនតែប៉ុណ្ណោះ វាមានចូលរួមអនុវត្តគោលនយោបាយរួម ក្នុងការយកចិត្តទុកដាក់ថែរក្សាបរិស្ថានផងដែរ។
បើតាមលោក សុខ វណ្ណៈ ប្រធានក្រុមហ៊ុន សុខ អ៊ីនធឺប្រាយ បានឱ្យដឹងថា ឡដុតកម្ទេចសំណល់វេជ្ជសាស្ត្រ ដែលលោកបានបង្កើតឡើងនេះ គឺមានគុណភាពល្អមិនចាញ់ឡរបស់បរទេសនោះទេ ហើយមុននឹងឈានទៅបង្កើតឡដែលមានទំហំៗនេះ គឺកាលពីមុនលោកបានសិក្សាធ្វើឡ ប្រភេទចំហេះ និងឡដុត នៅប្រទេសបារាំង ក៏ប៉ុន្តែបន្ទាប់ពីត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ២០០៧ លោកបានបង្កើតក្រុមហ៊ុនផលិតឡ ដែលជាស្នាដៃរបស់កូនខ្មែរលើកដំបូង ដោយទាំងទទួលបានការពាំទ្រយ៉ាងខ្លាំង រហូតមកដល់ពេលនេះ ឡរបស់លោកបានដាក់ពង្រាយស្ទើរគ្រប់ ទីកន្លែងចាំបាច់នានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។
លោក សុខ វណ្ណៈ បានបន្តថា សម្រាប់ឡដុតសំណល់វេជ្ជសាស្ត្រ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់នេះវិញ គឺលោកខិតខំកែច្នៃ បង្កើតវាឡើងស្របតាមស្តង់ដារបច្ចេកទេស ដែលមិនប៉ះពាល់ដល់បរិស្ថាន ព្រមទាំងមានគុណភាពខ្ពស់ ក្នុងដំណើរប្រតិបត្តិការរបស់ខ្លួន។
លោកបានបន្ថែមទៀតថា បច្ចុប្បន្ននេះ គឺមានតែក្រុមហ៊ុនកូនខ្មែររបស់លោកមួយប៉ុណ្ណោះ ដែលបានបង្កើតឱ្យមានប្រភេទឡធំ២ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការផ្នែកឡដុត និងឡចំហេះនេះ មិនត្រឹមតែប៉ុន្តែក្រុមហ៊ុនលោកបានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការថែរក្សាបរិស្ថាន និងលើកកម្ពស់គុណភាពរបស់ប្រើប្រាស់ក្នុងស្រុក៕