(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងមន្ត្រីរាជការទាំងអស់របស់ព្រឹទ្ធសភា នៃកម្ពុជា បានផ្ញើសាររំលែកមរណទុក្ខគ្រួសារសព លោកស្រី ស៊ឹង ស៊ីយុត សមាជិកព្រឹទ្ធសភា ទទួលមរណភាព ដោយរោគាពាធ នាវេលាម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ក្នុងជន្មាយុ៧១ឆ្នាំ។
ក្នុងសាររំលែកទុក្ខនេះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបង្ហាញក្តីសោកសង្រែងថា មរណភាពរបស់លោកស្រី ស៊ឹង ស៊ីយុត សមាជិកព្រឹទ្ធសភា គឺជាការបាត់បង់ឥស្សរជនស្នេហារជជាតិដ៏ឆ្នើមមួយរូប ដែលបានលះបង់ប្រាជ្ញា ស្មារតី កម្លាំងកាយចិត្ត បម្រើប្រទេសជាតិ និងប្រជាជនដើម្បីចូលរួមចំណែកស្ដារ និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ក្នុងនីតិកាលទី៤ នៃព្រឹទ្ធសភា លោកស្រីបានបំពេញការងារយ៉ាងសកម្ម និងមានស្នាដៃដ៏ធំធេងជូនស្ថាប័នព្រឹទ្ធសភា ដើម្បីរួមចំណែកក្នុងដំណើរការកសាងកម្ពុជា ជានីតិរដ្ឋ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានសូមសម្តែងនូវសមានចិត្តដ៏ក្រៀមក្រំចូលរួមរំលែកទុក្ខ ដោយក្តីសោកស្តាយអាឡោះអាល័យបំផុតជាមួយ លោកស្រី ស៊ឹង ស៊ីយុត សមាជិកព្រឹទ្ធសភា ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់លោកស្រី ស៊ឹង ស៊ីយុត ទៅកាន់សុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ៕