(ភ្នំពេញ)៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៩នេះ មន្ទីរពេទ្យព្រះអង្គឌួង ផ្ដល់សេវាព្យាបាល ដល់ប្រជាពលរដ្ឋចំនួន១៧៧,០៩៨នាក់ ដោយទទួលពិគ្រោះជំងឺក្រៅចំនួន១៤៧,៤៥០នាក់ និងទទួលអ្នកជំងឺដែលត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២៩,៦៤៨នាក់។
តាមការបញ្ជាក់របស់នាយកមន្ទីរពេទ្យព្រះអង្គឌួងបានឱ្យដឹងថា ក្នុងឆ្នាំ២០១៩ មន្ទីរពេទ្យព្រះអង្គឌួង ទទួលអ្នកជំងឺដែលមកពិគ្រោះជំងឺក្រៅ ក្នុងមួយថ្ងៃចំនួនប្រមាណ៨០០ ទៅ១,២០០នាក់ ដោយមានក្រុមការងារជំនាញគ្រប់ផ្នែករង់ចាំទទួល ផ្ដល់ជូនសេវាសុខភាពគ្រប់ស្ថានភាពជំងឺ និងទទួលអ្នកជំងឺសម្រាកជាមធ្យមប្រមាណ១៥០នាក់ ក្នុងមួយថ្ងៃ និងដោយឡែកជាពិសេស គឺបានធ្វើការវះកាត់គ-ថ្លង់ពីកំណើតចំនួន២០ករណី។
ក្នុងចំណោមចំនួនករណីជំងឺ សរុបសម្រាកពេទ្យ៦ខែ ដើមឆ្នាំ២០១៩ មន្ទីរពេទ្យបានទទួលអ្នកជំងឺពិគ្រោះជម្ងឺក្រៅ ផ្នែកត្រចៀក ច្រមុះ បំពង់ក ចំនួន៧០,៨៧១ករណី, ផ្នែកចក្ខុរោគចំនួន ២៤,៩២៥ករណី, ផ្នែកសម្ភពនិងរោគស្រ្តីចំនួន៨,៤០៧ករណី, ផ្នែកវះកាត់មុខមាត់ឆ្អឹកថ្គាម និងធ្មេញចំនួន១៦,៣៧៩ករណី និងផ្នែកក្រពះពោះវៀន និងឬសដូងបាត២៦,៨៦៨ករណី។
សូមជម្រាបថា មន្ទីរពេទ្យព្រះអង្គឌួងជាមន្ទីរពេទ្យជាតិនាំមុខមួយនៅកម្ពុជា ដែលទទួលផ្តល់សេវាថែទាំ៧ថ្ងៃ ក្នុង១សប្តាហ៍ និង២៤/២៤ ម៉ោងជារៀងរាល់ថ្ងៃ ដល់គ្រប់អ្នកជំងឺទាំងក្នុង និងក្រៅប្រទេស ខណៈដែលមន្ទីរពេទ្យមានគ្រែសម្រាកចំនួន២៦០គ្រែ៕