(សៀមរាប)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមកាត់បន្ថយថង់ប្លាស្ទិក ដោយដាក់បញ្ចូលទំនិញ ក្នុងថង់រួមតែមួយ ឬកន្ត្រកបរិស្ថាន។
ការអំពាវនាវបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសលោកចូលរួម ជាអធិបតីបើកយុទ្ធនាការកាត់បន្ថយការ ប្រើប្រាស់ប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្ត្រកបរិស្ថាន នៅទីក្រុងសៀមរាមដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន តំណាងគណៈអភិបាលខេត្តសៀមរាប អាជ្ញាធរក្រុងសៀមរាប កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា កាកបាទក្រហមកម្ពុជា កាយឬទ្ធិ សិស្សានុសិស្ស និងអាជីវករជាច្រើននាក់។
រដ្ឋលេខាក្រសួងបរិស្ថានរូបនេះ បានលើកឡើងថា ថង់ប្លាស្ទិក ត្រូវបានគេចាត់ទុកថាជាការបំពុលដល់បរិស្ថាន គឺវាត្រូវការពេលវេលាជាច្រើនរយឆ្នាំ ដើម្បីធ្វើការបំបែក មានន័យថាសំណល់ប្លាស្ទិកគឺសារធាតុដែលមិនងាយនឹងពុកផុយ ឬរលួយបានដោយងាយទេ។ ជាមួយគ្នានេះ សំណល់ថង់ប្លាស្ទិក បានផ្តល់ផលប៉ះពាល់ដល់សង្គម សុខភាព និងគុណភាពបរិស្ថានរួមមាន៖ ការធ្វើឱ្យស្ទះប្រព័ន្ធបង្ហូរទឹកលូ ដែលបង្កឱ្យមានទឹកជំនន់នៅរដូវភ្លៀងធ្លាក់ ការធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង និងទីប្រជុំជន។ នៅពេលគេបោះចោលថង់ប្លាស្ទិកនៅក្នុងបរិស្ថាន វាបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ី ជាពិសេសជីវៈចម្រុះនៅក្នុងទឹកជាពិសេសមច្ឆជាតិ អាចទទួលរងពីការធ្វើឱ្យស្លាក់ដោយសារ តែពួកគេគិតថាជាចំណី ហើយបានស៊ីថង់ប្លាស្ទិកទាំងនោះ។
លោក នេត្រ ភក្ត្រា បានបន្តថា សំណល់ប្លាស្ទិកក៏ជាជម្រកភ្នាក់ងារចម្លងជំងឺមួយចំនួនធំ និងមួយផ្នែកទៀតផ្ទុកដោយសារធាតុគីមីពុល អាចជ្រាបចូលទៅក្នុងដី និងធ្វើឱ្យប៉ះពាល់ដល់គុណភាពដី ទឹក និងទឹកក្រោមដី ធ្វើឱ្យមានការបំពុលទឹក និងដី។ នៅពេលដែលថង់ប្លាស្ទិក ត្រូវបានប្រើប្រាស់សម្រាប់ច្រក ឬខ្ចប់ម្ហូបអាហារជាពិសេសអាហារក្តៅៗ អាចបង្កផលប៉ះពាល់ដល់សុខភាពមនុស្សដោយសារតែសារធាតុគីមី ដែលមានផ្ទុកក្នុងថង់ប្លាស្ទិក។
លោកស្រី ងិន លីណា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា យុទ្ធនាការនេះ រៀបចំឡើង ដើម្បីជំរុញឱ្យប្រជាពលរដ្ឋគ្រប់ទិសទី ជាពិសេសប្រជាជនដែលរស់នៅទីប្រជុំជនបានយល់ដឹង និងចូលរួមកាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិក និងយល់ដឹងចំពោះផលប៉ះពាល់នៃសំណល់ប្លាស្ទិក សំដៅធានាបាននូវកិច្ចគាំពារ សុខភាពសាធារណៈ បរិស្ថាន និងសោភ័ណភាពទីប្រជុំជន។
ចំណែកលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ចាត់ទុកថាព្រឹត្តិការណ៍ថ្ងៃនេះ ចូលរួមផ្សព្វផ្សាយចំណេះដឹងទូលំទូលាយកាត់បន្ថយ សំណល់ប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្ត ក៏ដូចជាជំរុញនិងលើកទឹកចិត្តដល់អាជីវករឱ្យបញ្ឈប់ការផ្ដល់ថង់ប្លាស្ទិក ចូលរួមចំណែកលើកស្ទួយ ជីវភាពរស់នៅ កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ អនាម័យ សោភណ្ឌភាពទីក្រុង។
សូមបញ្ជាក់ថា បរិមាណសំរាម សំណល់ទីប្រជុំជនដែលបានបង្កើតឡើងនៅកម្ពុជា គឺមានជាង ១ម៉ឺនតោន ក្នុងមួយថ្ងៃៗ ដែលពលរដ្ឋរស់នៅ ក្នុងរាជធានី និងក្រុងធំៗត្រូវបានប៉ានប្រមាណថាបានបង្កើតសំរាម ១ គីឡូក្រាមក្នុងមួយថ្ងៃ និងបងប្អូនប្រជាពលរដ្ឋរស់នៅតាមជនបទបង្កើតសំរាម ប្រមាណកន្លះគីឡូក្នុងមួយថ្ងៃ។ សរុបមួយឆ្នាំបរិមាណសំរាមដែលកម្ពុជា បង្កើតមានប្រមាណជិត ៤លានតោន ក្នុងនោះ ២០% ជាសំណល់ថង់ប្លាស្ទិក។
លោក នេត្រ ភក្ត្រា បានថ្លែងថា ក្នុងសំរាម ១០០% បរិមាណសំណល់ប្រមាណ ៥៦,៩% នៃសំណល់សរុបប៉ុណ្ណោះដែល ត្រូវបានយក ទៅចាក់ចោលនៅទីលានចាក់សំរាម និងជិត ២០% ដែលត្រូវបានប្រមូលទិញសម្រាប់ធ្វើការកែច្នៃនិងប្រមាណជិត ៣០% ត្រូវបានដុត ឬបោះចោលនៅតាមទីសាធារណៈ និងប្រភពទឹកនានា។ ខេត្តរាជធានីធំៗដែលផលិតបរិមាណសំរាមច្រើនរួមមាន រាជធានីភ្នំពេញប្រមាណជាង ៣០០០តោន ក្នុងមួយថ្ងៃ ក្រុងព្រះសីហនុប្រមាណ ៧០០តោន ក្នុងមួយថ្ងៃ និងក្រុងសៀមរាម ៣៨០តោនក្នុងមួយថ្ងៃ។
ជាមួយគ្នានេះរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា សំរាមដែលអ្នកក្រុងសៀមរាមបង្កើតដោយមិនគិតពីភ្ញៀវទេសចរ មានចំនួន ៣៨០ តោនក្នុងមួយថ្ងៃក្នុងនោះ ៧៤% (២៨០តោន) ត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម ២០% (៥៦តោន) ត្រូវបានយកទៅកែច្នៃឡើងវិញ និង ៦% (៤៤ តោន) ទៀតជាបរិមាណសំណល់ចាក់ចោលដោយខុសច្បាប់។ តាមការប៉ានប្រមាណ ភាគរយនៃប្លាស្ទិកដែលប្រមូលបាន តាមរយៈការបោសសម្អាតតាមផ្លូវក្នុងក្រុងចំនួន ៣ គឺ១៧,៣% ក្នុងរាជធានីភ្នំពេញ ២០,៧%ក្នុងខេត្តសៀមរាប និង៣៤% ក្នុងខេត្តព្រះសីហនុ។
ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះសំណល់ប្លាស្ទិក លោក នេត្រ ភក្ត្រា បានបន្ថែមថា ដោយពិនិត្យឃើញបញ្ហាចំពោះមុខ និងដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឱ្យនៅកម្រិតអប្បបរមាសំដៅការពារសុខភាពមនុស្ស បរិស្ថាន និងសោភ័ណភាព រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពលើការកាត់បន្ថយ ការនាំចូល ការផលិត ការចែកចាយ និងការប្រើប្រាស់ថង់ប្លាស្ទិក សំដៅធានាបាននូវកិច្ចគាំពារសុខភាពសាធារណៈ បរិស្ថាន និងសោភណ័ណភាព។ ក្នុងអនុក្រឹត្យនោះ ក៏បានកំណត់ពីវិធានការគិតតម្លៃបន្ថែម លើការប្រើប្រាស់ថង់ប្លាស្ទិករបស់អតិថិជនផងដែរ។ ការដាក់កម្រិតលើការប្រើប្រាស់ ថង់ប្លាស្ទិកនេះមិនមែនមានតែនៅកម្ពុជាទេ មានប្រទេសជាច្រើនដែលបាននិងកំពុងអនុវត្តផងដែរ។
រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា អនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកបានផ្តោតលើចំណុចសំខាន់ចំនួន៤រួមមានទី១៖ ការកំណត់ប្រភេទទំហំកម្រាស់លើថង់ប្លាស្ទិកស្តើងមានដៃយួរត្រូវបានហាមឃាត់លើការនាំចូល ការផលិតក្នុងស្រុក ការចែកចាយ និង ការប្រើប្រាស់ (កម្រាស់០,០៣ មិល្លីម៉ែត្រ និងរង្វាស់ទទឹងបាត ២៥សង្ទីម៉ែត្រ), ទី២៖ ការលើកទឹកចិត្ត ការនាំចូលនិងផលិតប្លាស្ទិក ឬសម្ភារវេចខ្ចប់ដែលផលិតពីវត្ថុធាតុងាយពុកផុយ ឬជីវប្លាស្ទិក ដែលត្រូវដាក់អាករពិសេសជាបន្ទុករបស់រដ្ឋ, ទី៣៖ ការនាំចូល ឬផលិតថង់ប្លាស្ទិកនឹងជាប់អាករពិសេស និងទី៤៖ ការអនុវត្តកម្មវិធីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ការផ្តល់ថង់ប្លាស្ទិក នៅតាមទីផ្សារទំនើប និងនៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្មនានា ត្រូវគិតតម្លៃបន្ថែម។
ដើម្បីទទួលបានជោគជ័យក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាការចូលរួមរបស់ប្រជាពលរដ្ឋ ពិតជាមានភាពចាំបាច់បំផុត និងបានជំរុញឱ្យប្រជាពលរដ្ឋអនុវត្តគោលការណ៍ 3Rs ចូលរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ការប្រើប្រាស់ថង់ប្លាស្ទិកឡើងវិញ ឬប្រើប្រាស់វត្ថុជំនួសថង់ប្លាស្ទិក និងការកែច្នៃឡើងវិញនូវថង់ប្លាស្ទិក។
ចំណែកឯម្ចាស់អាជីវកម្ម និងម្ចាស់សេវាកម្មនានា ដែលមានការផ្តល់ថង់ប្លាស្ទិក ដល់អតិថិជនត្រូវស្ម័គ្រចិត្តចូលរួមអនុវត្តកម្មវិធី កាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិក នឹងទទួលបានការលើកទឹកចិត្តផងដែរ។ លោករដ្ឋលេខាធិការក្រសួងបរិស្ថានជឿជាក់ថា តាមរយៈយុទ្ទនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយពីកន្ត្រកបរិស្ថាន នៅក្រុងសៀមរាមនេះនឹងជាសារដ៏សំខាន់ សម្រាប់បណ្តុះស្មារតីស្រឡាញ់ បរិស្ថាន និងចូលរួមអនុវត្តមេត្រីភាពបរិស្ថានក្នុងចំណោមបងប្អូនប្រជាពលរដ្ឋ៕