(ភ្នំពេញ)៖ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា បានប្រកាសឲ្យសារធារណជនប្រុងប្រយ័ត្ន ចំពោះក្រុមហ៊ុនផ្ដល់កម្ចីតាមប្រព័ន្ធអនឡាញឈ្មោះ «ឥណទានភ្នំពេញ» ដែលជាក្រុមហ៊ុនមិនមានអាជ្ញាប័ណ្ណ និងច្បាប់អនុញ្ញាតពីធនាគារជាតិនៃកម្ពុជានោះឡើយ ប៉ុន្តែក្រុមហ៊ុននេះបែរជាហ៊ានផ្សព្វផ្សាយផ្តល់ឥណទាន តាមប្រព័ន្ធអនឡាញបំពានច្បាប់ទៅវិញ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ លោក គិត សុវណ្ណារិទ្ធ បានសង្កត់ធ្ងន់ៗថា «ក្នុងនាមមន្រ្ដីធនាគារជាតិ សូមស្នើដល់ប្រជាពរដ្ឋ មានការប្រុងប្រយ័ត្នចំពោះក្រុមហ៊ុន ឥណទានភ្នំពេញ ដែលក្រុមហ៊ុននេះ បានប្រកបអាជីវកម្មផ្ដល់ឥណទាន ឬប្រាក់កម្ចីតាមប្រព័ន្ធអនឡាញ ដោយគ្មានអាជ្ញាប័ណ្ណ ឬច្បាប់អនុញ្ញាតិពីធនាគារជាតិនៃកម្ពុជានោះឡើយ»។
លោកបានបន្ដថា លើសពីនេះទៀតក្រុមហ៊ុន «ឥណទានភ្នំពេញ» ហ៊ានយករូបរបស់ថ្នាក់ដឹកនាំធនាគារជាតិ និងរូបសមាគមមីក្រូហិរញ្ញាវត្ថុ ទៅប្រើប្រាស់ដើម្បីបោកបញ្ឆោតប្រជាពលរដ្ឋទៀតផង។
លោកបញ្ជាក់ថា «ធនាគារជាតិនៃកម្ពុជា មិនបានគាំទ្រ ឬផ្ដល់អាជ្ញាបណ្ណដល់ក្រុមហ៊ុន ឥណទានភ្នំពេញ នេះឡើយ និងស្នើសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុននេះ»៕