(រតនគិរី)៖ លោក លន់ សុភាព អភិបាលរងខេត្តរតនគិរី និងលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្ត នៅរសៀលថ្ងៃទី២៦ ខែកក្កដា បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ រួមមាន កម្លាំងអាវុធហត្ថខេត្ត, កម្លាំងរដ្ឋបាលព្រៃឈើ, កម្លាំងនគរបាលវរការពារព្រំដែនលេខ៦២៣, កម្លាំងយោធាវរការពារព្រំដែនលេខ១០២, កម្លាំងបរិស្ថាន និងកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ បានចុះរឹបអូសគំនរឈើមួយកន្លែង ដែលឈ្មួញគរលាក់ទុកនៅចំណុចភូមិសាស្ត្រភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
លោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះថា ក្រុមការងារ បានត្រួតពិនិត្យឃើញឈើប្រភេទលេខ១សុក្រំ និងស្រឡៅសរុបចំនួន ៣០ដុំ ស្មើនឹង២,០៤៣ម៉ែត្រគូប។
លោកវរសេនីយ៍ត្រី សុខ មីន បានបន្តទៀតថា វត្ថុតាងខាងលើ ត្រូវបានក្រុមការងារដឹកយកមករក្សាទុកនៅក្រុមហ៊ុន «៧មករាផារី» (កន្លែងមានសុវត្ថិភាព) ជាបណ្តោះអាសន្ន រង់ចាំកម្លាំងជំនាញកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិនោះ កម្លាំងគណៈបញ្ជាការឯកភាពខេត្ត បានចុះរឹបអូសឈើជាច្រើនម៉ែត្រគូប និងធ្វើការដុតបំផ្លាញចោលមធ្យោបាយ ដឹកជញ្ជូនផល-អនុផលព្រៃឈើអស់ជាច្រើន គ្រឿងកន្លងមកផងដែរ៕