Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធ ដាក់យុទ្ធសាស្ដ្ររួមគ្នា ផ្ដល់សុវត្ថិភាពចំណីអាហារដល់អ្នកបរិភោគ

26-07-2019 21:06

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល សហការជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សាអន្តរក្រសួង ស្តីពីសេចក្តីព្រាងគោលនយោបាយជាតិ ពីសុវត្ថិភាពចំណីអាហារ ។

កិច្ចប្រជុំដែលធ្វើឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយផ្អែកលើខ្លឹមសារប្រកាសអន្តរប្រកាសលេខ៨៦៨ ឧរថ.ប្រក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១០ ស្តីពីកិច្ចសម្របសម្រួលស្ថាប័ន លើប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ពីកសិដ្ឋានរហូតដល់តុបរិភោគ។ ក្រោមអធិបតីភាពលោក អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងមានការចូលរួមពីសំណាក់តំណាង (អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីជំនាញ) ក្រសួងពាក់ព័ន្ធរួមមាន៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងឧស្សាកម្មនិងសិប្បកម្ម ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

លោក អឿន បូរារ័ត្នន៍ បានថ្លែងថា កិច្ចប្រជុំនៃសេចក្តីព្រាងគោលនយោបាយ ស្តីពី សុវត្ថិភាពចំណីអាហារនេះ គឺបានផ្តោតទៅលើគោលការណ៍រួម លើសុវត្ថិភាពចំណីអាហារ ដូចជា៖ការរៀបចំជាលិខិតបទដ្ឋានគតិយុត្តិ និតិវិធី យុទ្ធសាស្រ្ត កិច្ចពង្រឹងប្រព័ន្ធអធិការកិច្ច និងត្រួតពិនិត្យលើគ្រប់ដំណាក់ខ្សែចង្វាក់ផលិតកម្មចំណីអាហារ ពីកសិដ្ឋានរហូតដល់តុបរិភោគ។

ជាងនេះទៅទៀត ពាក់ព័ន្ធទៅនឹងការវាយតម្លៃ និងវិធានការគ្រប់គ្រងហានិភ័យ និងការឆ្លើយតបបន្ទាន់ទៅនឹងការពុលចំណីអាហារ និងការប្រមូលត្រឡប់មកវិញ នូវផលិតផលចំណីអាហារ ដែលបានឆ្លងភ្នាក់ងារបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។

ក្នុងនោះការពង្រឹងកិច្ចសហការ រវាងក្រសួងពាក់ព័ន្ធជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងវិធីសាស្ត្រផ្សព្វផ្សាយព័ត៌មាន ឯកសារ និងវិធានការអប់រំ ស្តីពី សុវត្ថិភាពចំណីអាហារឱ្យត្រឹមត្រូវ ទៅដល់វិស័យឧស្សាហកម្ម និងអ្នកប្រើប្រាស់ និងគោលការណ៍លម្អិតផ្សេងៗពាក់ព័ន្ធសុវត្ថិភាពចំណីអាហារ ក៏មានការបរិយាយក្នុងគោលនយោបាយជាតិនេះផងដែរ៕