(កំពង់ធំ)៖ ការងារសាងសង់សំណង់ទ្វារទឹកកាត់ស្ទឹងស្ទោង ស្ថិតនៅត្រង់ភូមិបត់ត្រង់ ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំនោះ កំពុងសម្រេចបាន៩៥ភាគរយហើយ ដែលប្រការនេះបានជំរុញឲ្យប្រជាពលរដ្ឋតាមដងស្ទឹងមានការសប្បាយរីករាយជាខ្លាំង ក្រោយរងការលំបាកដោយសារការខ្វះខាតទឹកប្រើប្រាស់ និងបង្កបង្កើនផល នាប៉ុន្មានឆ្នាំចុងក្រោយនេះ។
ដើម្បីចុះត្រួតពិនិត្យឲ្យបានច្បាស់ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានបន្តចុះទៅពិនិត្យស្ថានភាពទឹក និងសំណង់ស្ទាក់ទឹក និងសំណង់ទ្វារទឹកកាត់ស្ទឹងស្ទោងដោយផ្ទាល់។ សកម្មភាពនេះក៏មានការអមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ព្រមទាំងមន្រ្តីជំនាញផងដែរ។
តាមរបាយការណ៍ពីក្រុមការងារនៅពេលចុះពិនិត្យ បានឲ្យដឹងថា ការងារសាងសង់សំណង់ខាងលើ បានចាប់ផ្តើមពីខែមីនាុ ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ គឺសម្រេចបាន ៩៥ភាគរយហើយ។
ដោយឡែក ស្ថានភាពទឹកស្ទឹងស្ទោង គឺចាប់ផ្តើមមានលក្ខណៈប្រសើរជាបណ្តើរៗ ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់មកនេះ។
សូមជម្រាបថា ស្ទឹងស្ទោងទទួលប្រភពទឹកពីផ្នែកខាងលើអាងទឹក៣០កញ្ញា នៅពេលសំណង់ខាងលើសាង់សង់រួចរាល់ នោះបញ្ហាប្រឈមលើផ្នែកទឹកនៅស្ទឹងស្ទោង សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋនឹងត្រូវបានដោះស្រាយ។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានណែនាំបន្ថែមលើការងារដែលត្រូវបញ្ចប់ ដើម្បីធានាគុណភាពសំណង់យូរអង្វែង សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។
គួររំលឹកថា នារដូវប្រាំងកន្លងទៅនេះ ដោយជួបប្រទះបញ្ហាលំបាកលើទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងស្ទោង លោករដ្ឋមន្រ្តីបានណែនាំដល់មន្ទីរធនធានទឹកខេត្តកំពង់ធំ ជីកស្រះតាមបាតពោះស្ទឹងចំនួន ១៦កន្លែង ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើជូនប្រជាពលរដ្ឋ៕