(សៀមរាប)៖ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានលើកឡើងថា មន្ដ្រីនគរបាលទេសចរណ៍ទាំងអស់ ត្រូវតែមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបម្រើសេវាដល់ភ្ញៀវទេសចរ នៅតាមគោលដៅដែលខ្លួនកំពុងឈរជើងការពារ។
ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ត្រូវបានក្នុងឱកាសអញ្ជើញជាអធិបតីរួមគ្នាជាមួយ លោកឧត្តមសេនីយ៍ឯក មួង ឃឹម អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ក្នុងពិធីបិទវគ្គបំប៉ន ជំនាញអន្តរាគមន៍ និងនីតិវិធីមន្រ្តីនគរបាលយុតិ្តធម៌ លើកទី២
នៅអង្គភាពនគរបាលទេសចរណ៍ ខេត្តសៀមរាប ដែលមានមន្ដ្រីនគរបាលប្រមាណ៧០នាក់ ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ។
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏បានគូសបញ្ជាក់ថា លោកនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីឲ្យមន្ដ្រីនគរបាលទាំងអស់ត្រូវតែមានចំណេះ ជំនាញបន្ថែមទៀត ព្រោះថាមន្ដ្រីនគរបាលទេសចរណ៍ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់លើការបម្រើសេវាជូនភ្ញៀវទេសចរ ពិសេសនៅតាមតំបន់ប្រាសាទ និងរម្មណីយដ្ឋានសំខាន់ៗក្នុងប្រទេសកម្ពុជា។
លោកប្រធាននាយកដ្ឋាន បានសង្កត់ធ្ងន់ថា ជានគរបាលទេសចរណ៍ ចាំបាច់បំផុតត្រូវចេះភាសាបរទេស ហេតុដូច្នេះហើយកន្លងទៅ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏អនុញ្ញាតឲ្យរៀបចំបើកវគ្គសិក្សាខ្លីៗ ពាក់ព័ន្ធជាមួយភាសាបរទេសនេះដែរ ប៉ុន្ដែការងារនេះលោកទទួលស្គាល់ថា រាងលំបាកបន្ដិចដោយហេតុថា នគរបាលខ្លះរាងមានវ័យចំណាស់ ដូច្នេះពិបាកក្នុងការសិក្សា។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏បានណែនាំដល់មន្ដ្រីនគរបាលទេសចរណ៍ នៅទូទាំងប្រទេស ត្រូវតែស្លៀកសម្លៀកបំពាក់ឲ្យបានសមរម្យ ពិសេសត្រូវគោរពតាមឯកសណ្ឋានដែលបានកំណត់ ត្រូវកាត់សក់ខ្លី និងត្រូវប្រើប្រាស់ពាក្យសម្ដីល្អៗ ពិសេសនៅពេលមានភ្ញៀវទេសចរមកសួរនាំ ឬឲ្យជួយលើបញ្ហាអ្វីមួយ។
លើសពីនេះ លោកក៏បានសម្ដែងនូវការកោតសរសើរដ៏ស្មោះស្ម័គ្រ និងសូមលើកទឹកចិត្តដល់កម្លាំងនគរបាលទេសចរណ៍ទាំងអស់ ដែលបានខិតខំប្រឹងប្រែង តស៊ូជំនះគ្រប់ឧបសគ្គបំពេញភារកិច្ចរបស់ខ្លួនក្នុងការការពារ សន្តិសុខ សុវត្ថិភាពជាប្រចាំជួនដល់ ភ្ញៀវជាតិ និងអន្តរជាតិព្រមទាំងចូលរួមពង្រឹង និងលើកកម្ពស់ស្មារតីគោរពច្បាប់។
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា មន្ដ្រីទាំងអស់នឹងយកកម្លាំងប្រាជ្ញា ស្មារតី បំពេញនូវតួនាទីភារកិច្ច ប្រកបដោយកិច្ចសហការល្អប្រសើរ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាកម្សាន្ដនៅក្នុងប្រទេសកម្ពុជា៕