(ពោធិ៍សាត់)៖ ជារៀងរាល់ថ្ងៃការងាររដ្ឋបាល ប្រជាពលរដ្ឋ មិនថាព្រះសង្ឃ ឬពុទ្ធបរិស័ទ តែងតែចូលមកសាលាខេត្ត ឬខលទូរស័ព្ទសុំជួបដោយផ្ទាល់ ជាមួយលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដើម្បីស្នើជួយសម្របសម្រួល និងស្វែងរកដំណោះស្រាយ ទាក់ទងនឹងបញ្ហាប្រឈមនានាផ្សេងៗគ្នា ជូនបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកពីបណ្តាស្រុក ក្រុង ឃុំ សង្កាត់ មួយចំនួន ទូទាំងខេត្តពោធិ៍សាត់។ ជាក់ស្តែងដូចជា ករណីវិវាទរវាងគណៈកម្មការអាចារ្យវត្ត និងព្រះសង្ឃ ត្រូវបានលោក ម៉ៅ ធនិន ធ្វើការសម្របសម្រួល ៤ដងរួចមកហើយ នៅតែមិនដាច់ស្រលះនឹងគ្នា ទើបឯកឧត្តមសម្រេចជ្រើសរើសថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០១៩ ធ្វើការសម្របសម្រួលដោះស្រាយនៅនឹងទីវត្តអារាមដោយផ្ទាល់តែម្តង ហើយការដោះស្រាយនេះ ទទួលបានជោគជ័យលើសពីការរំពឹងទុក។
កិច្ចសម្របសម្រួលដោះស្រាយ ជាលក្ខណៈគ្រួសារ ត្រូវបានធ្វើឡើងនៅវត្តសាមគ្គីមុន្នីឧត្តម (ហៅវត្តថ្មី ឬវត្តដងរុង) ក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយបានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះតេជគុណ ហួត សុធា ព្រះមេគណ គណៈធម្មយុត្តិតិកនិកាយ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរជំនាញ អាជ្ញាធរស្រុក ឃុំ ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត ប្រមាណ៣០០អង្គ/នាក់។
បន្ទាប់ពីលោកស្រី ជាវ ច័ន្ទថាវី (ហៅមុំ) គណៈកម្មការវត្ត បានមានមតិលើកឡើងពីកំហុសឆ្គង ទាំង៩ចំណុច រវាងព្រះសង្ឃដែលជាចៅអធិការវត្ត ជាមួយគណៈកម្មការអាចារ្យវត្តរួចមក, ព្រះតេជគុណ ហួត សុធា និងលោក ម៉ៅ ធនិន បានឆ្លើយតប និងធ្វើការពន្យល់លើកឡើង ពីកំហុកឆ្គងដែលមិនសមហេតុសមផល ធ្វើឲ្យមជ្ឈដ្ឋានខាងក្រៅ អាចវាយតម្លៃពីការដឹកនាំរបស់ព្រះសង្ឃចៅអធិការ។ ព្រះមេគណ និងអភិបាលខេត្ត បានបន្ថែមទៀតថា បើយើងទះដៃម្ខាងមិនលឺនោះទេ ទាល់តែយើងទះដៃទាំងសង្ខាង ទើបលឺរំពង ម្យ៉ាងវិញទៀតករណីបណ្តឹង ឬវិវាទខាងលើ ក៏ដូច្នេះឯង។ ដូចនេះស្នើឲ្យទាំងគណៈកម្មការវត្ត គណៈកម្មការអាចារ្យវត្ត រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត សូមប្រើប្រាស់ស្តីមាស សម្តីពេជ្រ ប្រកបទៅដោយឥរិយាបទថ្លៃថ្នូរ ទស្សពិតយុត្តិធម៌ បើព្រះសង្ឃមានកំហុកតិចតួច ឬដោយសារការមិនពេញចិត្តយ៉ាងណានោះ សូមគិតពីផលប្រយោជន៍រួម និងចេះយោគយល់អធ្យាស្រ័យគ្នា សន្តោសប្រណីគ្នា ពន្យល់គ្នា អប់រំគ្នា ក្នុងនាមយើងជាចាស់ជាទុំ ត្រូវប្រើប្រាស់តួនាទីទៅតាមឋានុក្រមគ្រួសារ ដោយមិនអូសទូកបណ្តាយទឹកនោះឡើយ។
ថ្នាក់ដឹកនាំពុទ្ធចក្រ និងអាណាចក្រ ក៏បានអំពាវនាវ ដល់លោកយាយលោកតា ពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកសម្រេចនូវជោគវាសនា របស់ទីវត្តអារាមនេះ ដោយសូមឲ្យជ្រើសរើសបញ្ជីឈ្មោះ លោកយាយលោកតាណា ដែលមានសមត្ថភាព អាចធ្វើជាគណៈកម្មការវត្ត និងគណៈកម្មការអាចារ្យវត្តបាន ធ្វើការបោះឆ្នោតជារួម ឈរលើជំហរសុក្រឹត និងយុត្តិធម៌ ហើយក្រោយពីគណៈកម្មការថ្មីបានរៀបចំរួច ព្រះសង្ឃនៅតែមានបញ្ហា លោកនឹងចាត់វិធានការតាមផ្លូវច្បាប់។
អង្គប្រជុំបានដំណើរការ រយៈពេល២ម៉ោង ចាប់ពីម៉ោង៩ រហូតដល់ម៉ោង១១ព្រឹក ថ្ងៃខែឆ្នាំដដែល ប្រកបដោយភាពជោគជ័យ និងសាទរទទួលយកទាំងអស់គ្នា ដោយបានកំណត់យកថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០១៩ស្អែកនេះ ធ្វើការបោះឆ្នោតជារួម ចំពោះលទ្ធផលនោះក៏គ្មានអ្នកចាញ់ ឬគ្មានអ្នកឈ្នះម្ខាងៗនោះដែរ គឺឈ្នះទាំងអស់គ្នា៕