(កំពង់ស្ពឺ)៖ បន្ទាប់ពីការផ្តល់អំណោយជូនប្រជាពលរដ្ឋចំនួន ១,៣០៣គ្រួសារ នៅស្រុកថ្ពង និងស្រុកឱរ៉ាល់ ក្នុងខែមិថុនា-កក្កដានេះរួចមក នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារដឹកនាំដោយលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បន្តការងារចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌សម្រាលការលំបាក ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៥៥៥គ្រួសារទៀត រស់នៅភូមិចំនួន ៩២ភូមិ ឃុំចំនួន ៨ឃុំ នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
កម្មវិធីនេះបានប្រព្រឹត្តទៅនៅវត្តត្រពាំងក្រឡឹង ស្ថិតក្នុងភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច។
ក្នុងពិធីប្រគល់អំណោយជូនដល់ប្រជាពលរដ្ឋទាំងអស់ លោកស្រីអគ្គលេខាធិការរងទី ១ បានពាំនាំនូវប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់។
ជាមួយគ្នានេះ លោកស្រី អគ្គលេខាធិការរងទី១ ក៏បានពាំនាំនូវសេចក្ដីអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរស់នៅមានអនាម័យ ពិសាទឹកឆ្អិនដាំពុះ សម្អាតបរិស្ថាន លុបបំបាត់ជម្រកសត្វមូស គេងក្នុងមុងជានិច្ច និងចូលរួមក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺគ្រុនឈាម ដោយអនុវត្តនូវទិសស្លោក «បញ្ចប់ជំងឺគ្រុនឈាមកេីតឡេីងពីខ្ញុំ»។
សូមគិតគូរពីការបរិភោគអាហារ ជៀសវាងជំងឺលេីសឈាម ទឹកនោមផ្អែម និងជំងឺរ៉ាំរៃផ្សេងៗ។ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ និងទៅសម្រាលកូននៅមណ្ឌលសុខភាពដែលនៅជិតបំផុត។
សូមប្រជាពលរដ្ឋទាំងអស់ គិតគូរពីសុវត្ថិភាពរាល់ពេលធ្វេីដំណេីរ ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដែលជាបញ្ហាអាទិភាពកេីតមានរាល់ថ្ងៃនេះ និងជៀសវាងការប្រេីប្រាស់គ្រឿងញៀន គ្រឿងស្រវឹង និងល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាប្រភពនៃអំពេីហិង្សា និងអសន្តិសុខសង្គម។
បន្ទាប់ពីបញ្ចប់កម្មវិធីខាងលេីនេះ ក្រុមការងារកាកបាទក្រហមកម្ពុជា បានបន្តចុះសួរសុខទុក្ខដល់គេហដ្ឋាន និងផ្តល់អំណោយជូនដល់ចាស់ឥតទីពឹងចំនួន ៤គ្រួសារ ដែលរស់នៅក្នុងស្រុកភ្នំស្រួចនោះផងដែរ។
អំណោយដែលបានចែកជូនក្នុងគ្រួសារនីមួយៗរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត) និងថវិកាចំនួន ២ម៉ឺនរៀល។ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តត្រពាំងក្រឡឹងនូវទៀនព្រះវស្សា ១គូ អង្ករ ១២០គីឡូក្រាម មី ៥កេស ទឹកសុទ្ធ ២កេស ទឹកក្រូច ២កេស ត្រីខ ១០០កំប៉ុង និងបច្ច័យ ១លានរៀល។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានឧបត្ថម្ភក្នុងម្នាក់ៗ នំប៉័ង ១ដេីម និងទឹកសុទ្ធ ១ដប៕