(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងជំរុញឱ្យគ្រប់សាខាពន្ធដារនៅទូទាំងរាជធានីខេត្ត គួរតែមានធនាគារនៅក្នុងនោះតែម្តង ដើម្បីធ្វើយ៉ាងណាឱ្យធ្វើមានភាព កាន់តែងាយស្រួលដល់អ្នកដែលមកបង់ពន្ធ កុំឱ្យពួកគាត់មានការលំបាកក្នុងការបង់ពន្ធ ដោយប្រើពេលយូរ ដែលជាហេតុធ្វើឱ្យពួកគាត់លែងចង់សហការជាមន្ត្រីពន្ធដារ ក្នុងការមកបង់ពន្ធជូនរដ្ឋ។

លោក គង់ វិបុល បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ចើញជាអធិបតី ក្នុងពិធីសម្ពោធសាលប្រជុំ នៃសាខាពន្ធដារខណ្ឌមានជ័យ។

លោក គង់ វិបុល បានថ្លែងថា «គ្រប់សាខាពន្ធដារ នៅទូទាំងរាជធានីខេត្ត គួរតែមានធនាគារ នៅក្នុងនោះតែម្តង ដើម្បីអ្នកដែលមកបង់ពន្ធមានភាពងាយស្រួល ពេលមកពន្ធដារ គឺចូលបង់នៅក្នុងធនាគារនៅក្នុងនឹងតែម្តង ដើម្បីឱ្យមានភាពកាន់តែងាយស្រួលដល់អ្នកដែលមកបង់ពន្ធ កុំឱ្យពួកគាត់មានការលំបាក ក្នុងការបង់ពន្ធដោយប្រើពេលយូរ ដែលជាហេតុធ្វើឱ្យពួកគាត់លែងចង់សហការជាមន្ត្រីពន្ធដារ ក្នុងការមកបង់ពន្ធជូនរដ្ឋ»

ជាមួយគ្នានោះលោកបានលើកទឹកចិត្តឱ្យសាខាពន្ធដារទាំងអស់ ខិតខំរៀបចំធ្វើទំនើបកម្ម នៅតាមសាខារបស់ខ្លួន ឱ្យបានកាន់តែល្អបន្ថែមទៀត ដើម្បីបង្កើតឱ្យមានផាសុកភាពទាំងមន្ត្រីពន្ធដារ និងអ្នកដែលមកបង់ពន្ធ។

អគ្គនាយកដ្ឋានពន្ធដារ ក៏បានជំរុញឱ្យមន្ត្រីពន្ធដារទាំងអស់ សូមបន្តការខិតខំប្រឹងប្រែងបន្តទៀត ក្នុងការប្រមូលពន្ធជូនរដ្ឋ ឱ្យបានគ្រប់ទៅនឹងផែនការកំណត់ ដូចទៅនឹងឆ្នាំមុនៗទៀត ហើយក្នុងខណ្ឌមានជ័យ គឺមានសក្តានុពលច្រើន។

លោកក៏បានផ្តាំផ្ញើឱ្យលោកប្រធាន-អនុប្រធានសាខាពន្ធដារខណ្ឌមានជ័យ និងមន្ត្រីរាជការពន្ធដារទាំងអស់ បន្តយកចិត្តទុកដាក់ និងខិតខំបំពេញការងារ ព្រមទាំងផ្តល់សេវាល្អជូនអ្នកជាប់ពន្ធ ក្នុងន័យសម្របសម្រួលដល់ការបង់ពន្ធឱ្យមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព និងបានអំពាវនាវឱ្យមន្ត្រីទាំងអស់ ចូលរួមថែរក្សាគ្រឿងឧបករណ៍ និងសម្ភារការិយាល័យប្រើប្រាស់ និងសមិទ្ធិផលថ្មីៗទាំងអស់ ដើម្បីជាប្រយោជន៍ក្នុងការប្រើប្រាស់ឱ្យបានយូរអង្វែង៕