(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ បានអនុញ្ញាតឲ្យលោក ហ្គីលប៊ឺត ហុងបូ (Gilbert F.Houngbo) ប្រធានមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបនេះថា លោក ហុងបូ បានគោរពសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ឱកាសឲ្យប្រតិភូរបស់លោក បានចូលជួបសម្ដែងការគួរសមផង និងដើម្បីស្វែងយល់អំពីស្ថានភាពកសិកម្មនៅកម្ពុជាផង។

ក្នុងឱកាសនេះដែរ លោកបានគោរពស្នើសុំ សម្ដេចតេជោ ហ៊ុន សែន ស្វែងយល់អំពីស្ថានភាពកសិកម្មនៅកម្ពុជា ព្រោះស្អែកលោកនឹងទៅខេត្តកណ្ដាល ដើម្បីពិនិត្យមើលស្ថានភាពកសិកម្មនៅកម្ពុជា។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អង្គការ IFAD គឺជាដៃគូដ៏ល្អ ដែលធ្លាប់ជារៀងដរាបមក ធ្វើការរួមគ្នាជាពិសេស លើវិស័យកសិកម្ម។ ចំពោះកម្ពុជាវិស័យកសិកម្ម គឺមានការព្រួយបារម្ភទៅលើ ទី១៖ ផលិតកម្ម, ទី២៖ ការនាំចេញនោះ គឺសម្ដៅដល់ទីផ្សារតែម្ដង ពាក់ព័ន្ធនឹងការនាំចេញ កាលដើមឡើយនៅកម្ពុជា បានដាក់ចេញនូវនយោបាយនាំអង្ករចេញ១លានតោន ប៉ុន្តែគោលនយោបាយនេះ មិនបានទទួលជោគជ័យទេ គឺជោគជ័យតែ៥០ភាគរយតែប៉ុណ្ណោះ ហើយការផលិតស្រូវ គឺមានការកើនឡើងតាមគោលដៅ។ ប៉ុន្តែការនាំចេញ គឺពុំទាន់បានទទួលជោគជ័យនៅឡើយ។

សម្តេចតេជោនាយករដ្ឋមន្ដ្រី បានបន្ថែមថា កត្តាមិនជោគជ័យ គឺមូលហេតុមកពី ទី១៖បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន គឺផលិតស្រូវអង្ករ ដើម្បីនាំចេញដូចគ្នាដែរ, ទី២៖ ការផលិតរបស់កម្ពុជា គឺនៅមានតម្លៃខ្ពស់នៅឡើយ។ ក្នុងន័យនេះសម្តេច ក៏បានស្នើសុំឲ្យអង្គការ IFAD ជួយពិនិត្យមើលចែករំលែកនូវបទពិសោធន៍ ដែលមាននិងការស្រាវជ្រាវដែលមានដើម្បីចែករំលែកដល់កម្ពុជា។ ការបារម្មណ៍ដទៃទៀត រួមមានការកើនឡើង ប្រជាជនកម្ពុជា ដែលតម្រូវការទំហំដីសម្រាប់ធ្វើកសិកម្មកាន់តែច្រើនឡើង។

ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូន គណៈប្រតិភូថា កម្ពុជាកំពុងតែធ្វើយ៉ាងណាឲ្យប្រជាកសិករ ធ្វើការដាំដុះនៅលើទីតាំងដី ដែលសមស្របនឹងដំណាំកសិកម្ម ដែលអាចទទួលបានផលច្រើន និងជំរុញការអនុវត្តប្រពលវប្បកម្មនោះសោតគឺជំរុញការដាំដុះ ដើម្បីឲ្យបានទទួលផលច្រើន នៅលើផ្ទៃដី ដែលមានស្រាប់ ដោយពុំចាំបាច់ធ្វើការពង្រីកផ្ទៃដីឡើយ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានជម្រាបជូនប្រតិភូដែរ អំពីកង្វល់របស់កម្ពុជា លើបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលតម្រូវឲ្យមានការសិក្សាស្រាវជ្រាវ ដើម្បីធ្វើយ៉ាងណាឲ្យមានពូជ ដែលអាចបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។

ពាក់ព័ន្ធនឹងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនប្រតិភូថា កម្ពុជាបានដាក់ចេញនូវអាទិភាព៤ កាលពីឆ្នាំ១៩៨៥ម៉្លេះនោះ គឺមាន ទឹក ផ្លូវ ភ្លើង និងធនធានមនុស្ស ប៉ុន្តែនៅពេលនេះអាទិភាពនេះ ក៏បានប្រែប្រួលទៅជា មនុស្ស ទឹក ផ្លូវ ភ្លើង វិញ, ហើយការប្រែប្រួលនេះ ទៅទៀតគឺបន្ទាប់ពីមានការវិវត្តន៍ ជាច្រើនកន្លងមក ជាពិសេសការតភ្ជាប់ ពីតំបន់មួយទៅតំបន់មួយ នៃតំបន់ជនបទកម្ពុជា។

ក្នុងន័យនេះដែលធ្វើឲ្យកម្ពុជា អាចទ្រទ្រង់នៃកំណើនសេដ្ឋកិច្ច ដល់ប្រមាណ៧ភាគរយ ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ នោះគឺដោយសារការតភ្ជាប់ និងដោយសារការបែងចែកផលសេដ្ឋកិច្ច ទៅដល់ជនបទគ្រប់កន្លែងទាំងអស់ស្មើៗគ្នា៕