(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រង ប៊ីម៉ា ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់សេវាសុខភាព និងសេវាធានារ៉ាប់រងតាមរយៈប្រព័ន្ធទូរស័ព្ទ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន បង់ប្រាក់តាមកម្មវិធីទូរស័ព្ទ ផាយ ផេ ដើម្បីបង្កើនលទ្ធភាពប្រើប្រាស់ផលិតផលធានារ៉ាប់រងងាយស្រួល និងមានតម្លៃសមរម្យ តាមរយៈកម្មវិធី ផាយ ផេ ក្នុងទូរស័ព្ទដៃរបស់ខ្លួន និងសម្រាប់ភាពងាយស្រួលដល់អតិថិជន ដែលមិនទាន់ទទួលបានសេវាធានារ៉ាប់រង នៅកម្ពុជាផងដែរ។
ដោយមើលឃើញនូវតម្រូវការរបស់អតិថិជននៅទីក្រុង និងនៅតាមបណ្ដាលខេត្តនានា ក្រុមហ៊ុនធានារ៉ាប់រង ប៊ីម៉ា និងក្រុមហ៊ុនបង់ប្រាក់តាមកម្មវិធីទូរស័ព្ទ ផាយ ផេ ចាប់ដៃគូគ្នា ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ការប្រើប្រាស់ នូវធានារ៉ាប់រងឲ្យមានភាពងាយស្រួល ទទួលបាននូវតម្លៃសមរម្យ និងចំណាយពេលវេលាឆាប់រហ័សក្នុងការប្រើប្រាស់។
ចំណែកឯអតិថិជនអាចចំណាយប្រាក់មួយភាគតូចរបស់ខ្លួនក្នុង១ខែ សម្រាប់ការបង់ប្រាក់តាមកម្មវិធីទូរស័ព្ទ ដែលលឿនបំផុតមួយ នៅក្នុងប្រទេសកម្ពុជា នឹងទទួលបានប្រាក់ត្រលប់មកវិញ នៅពេលដែលអតិថិជនជួបហេតុការអាក្រក់ណាមួយកើតឡើងផងដែរ។ សម្រាប់អតិថិជន អាចចូលទៅក្នុងកម្មវិធី ផាយ ផេ នៅក្នុងទូរស័ព្ទដៃរបស់ខ្លួន ហើយបង់ប្រាក់ផលិតផលធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិតរបស់ ប៊ីម៉ា ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះតាមរយៈគណនី ផាយ ផេ របស់ខ្លួន គឺជាការស្រេច។
លោកស្រី គឹម តុលអំ នាយកប្រតិបត្តិ នៃក្រុមហ៊ុនធានារ៉ាប់រង ប៊ីម៉ា បានឲ្យដឹងថា «គោលបំណងរបស់ ប៊ីម៉ា គឺដើម្បីការពារអនាគតរបស់គ្រួសារទាំងអស់ ដោយយើងចង់ផ្តល់ភាពងាយស្រួលតាមតែអាចធ្វើបាន ដើម្បីឲ្យប្រជាជនទាំងអស់ អាចប្រើប្រាស់ផលិតផលរបស់យើង នោះមានន័យថា ការចាប់ផ្តើមភាពជាដៃគូថ្មីនេះ ដើម្បីឲ្យអតិថិជនអាចប្រើប្រាស់ និងជ្រើសរើសវិធីសាស្រ្ត ទូទាត់ដែលសមស្រប និងងាយស្រួលសម្រាប់ពួកគាត់។ តាមរយៈភាពជាដៃគូរជាមួយ ផាយ ផេ ដែលជាក្រុមហ៊ុន បង់ប្រាក់តាមកម្មវិធីទូរស័ព្ទ មានការរីកចម្រើនលឿនបំផុតមួយនៅក្នុងប្រទេសកម្ពុជា ហើយយើងជឿជាក់ថា អតិថិជនច្រើនជាង ២៥ម៉ឺននាក់នឹងទទួលបានសេវាធានារ៉ាប់រងអាយុជីវិត, ធានារ៉ាប់រងសម្រាកមន្ទីរពេទ្យ, ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងសេវាសុខភាពតាមទូរស័ព្ទផងដែរ»។
លោកស្រីបានបញ្ជាក់ថា ផលិតផលប្រកបដោយភាពច្នៃប្រឌិតរបស់ ប៊ីម៉ា ដែលចំណាយចាប់ផ្តើមពី១ដុល្លារក្នុងមួយខែ អតិថិជនអាចចុះឈ្មោះយ៉ាងឆាប់រហ័ស និងដោយមិនប្រើប្រាស់ឯកសារដោយ ប៊ីម៉ា ប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទចល័ត បានផ្តល់ឲ្យអតិថិជនដែលមិនចាំបាច់ មានបទពិសោធន៍ជាមួយបច្ចេកវិទ្យា ឬមិនមានលទ្ធភាពប្រើប្រាស់គណនីធនាគារ ទទួលបានសេវាធានារ៉ាប់រង និងសេវាសុខភាពជាលើកដំបូងថែមទៀតផង។
លោក ថូម៉ាស ពុកូនី នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ផាយផេ បានឲ្យដឹងថា «ផាយ ផេ ក្នុងនាមជាក្រុមហ៊ុនបង់ប្រាក់តាមទូរស័ព្ទ យើងកំពុងផ្តោតលើការកែលម្អឲ្យកាន់តែប្រសើរឡើង សម្រាប់ប្រជាជនក្នុងការទទួលបាន និងអាចបង់ថ្លៃសេវាសំខាន់ៗ ដូចជា ការបង់ប្រាក់ធានារ៉ាប់រងអាយុជីវិតជាដើម។ យើងមានមោទនភាពក្នុងការសហការជាមួយ ប៊ីម៉ា ដើម្បីជួយពង្រីកការធានារ៉ាប់រងជីវិត ដល់សហគមន៍កាន់តែធំទូលាយ។ រួមជាមួយគ្នានេះ ក៏បានផ្តល់ភាពងាយស្រួលសម្រាប់ប្រជាជន ក្នុងការបង់ប្រាក់ធានារ៉ាប់រងប្រចាំខែតាមរយៈកម្មវិធីទូរស័ព្ទ ដែលមិនចាំបាច់ប្រើសាច់ប្រាក់»។
លោកបន្តថា អតិថិជនរបស់ ផាយ ផេ អាចទទួលបានសេវាធានារ៉ាប់រងអាយុជីវិត, គ្រោះថ្នាក់បុគ្គល និងសេវាសុខភាពតាមរយៈកម្មវិធីនេះ ដែលចំណាយចាប់ពី១ដុល្លារក្នុងមួយខែ អតិថិជននឹងទទួលបានសំណងរហូតដល់ ៥,០០០ ដុល្លារសម្រាប់ផលិតផលគ្រោះថ្នាក់បុគ្គលត្រឹមតែ១ដុល្លារក្នុងមួយខែ និង៥,០០០ដុល្លារសម្រាប់ផលិតផលធានារ៉ាប់រងអាយុជីវិត ដោយចំណាយត្រឹមតែ ២.៤០ដុល្លារក្នុងមួយខែ។ ប៊ីម៉ា ផ្តល់ជូនអតិថិជនក្នុងការបង់ធានារ៉ាប់រងប្រចាំខែ ជាមួយគម្រោងសុខភាព។ អតិថិជនដែលបង់ប្រាក់ធានារ៉ាប់រងក្នុងខែនេះ នឹងទទួលបានធានារ៉ាប់រងនៅខែបន្ទាប់ ហើយការបង់ប្រាក់ធានារ៉ាប់រងពេញលេញ អតិថិជននឹងទទួលអត្ថប្រយោជន៍ និងសំណងពេញលេញផងដែរ។
សូមបញ្ជាក់ផងដែរថា ប៊ីម៉ា ចាប់ផ្តើមដំណើរការក្នុងប្រទេសកម្ពុជាចាប់ពីឆ្នាំ២០១៤ និងកំពុងបម្រើសេវាធានារ៉ាប់រង ដល់អតិថិជនជាងកន្លះលាននាក់ និងបានផ្តល់ប្រាក់សំណងជាង១លានដុល្លារជូនដល់អតិថិជន ហើយតាមរយៈការច្នៃប្រឌិត និងការបង្កើនកិច្ចសហការភាពជាដៃគូជា មួយក្រុមហ៊ុនសេវាកម្មបង់ប្រាក់នានា នឹងអាចសម្រេចបាននូវគោលដៅដ៏ល្អមួយ ក្នុងការផ្តល់ការណែនាំផ្នែកហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋដែលមិនទាន់យល់ពីតម្លៃ និងសារៈសំខាន់នៃធានារ៉ាប់រងផងដែរ៕