(ព្រះសីហនុ)៖ ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ការទន្ទ្រានដីព្រៃកោងកាង/ព្រៃលិចទឹក, ការចាក់ដីលប់បឹង និងលុបដែននេសាទយកធ្វើជាកម្មសិទ្ធិ គឺជាសកម្មភាពបំផ្លិចបំផ្លាញធ្ងន់ធ្ងរ នាំឲ្យហិនហោចធនធានធម្មជាតិ និងមច្ឆា។ ដើម្បីដោះស្រាយបញ្ហានេះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញស្ថាប័នពាក់ព័ន្ធរួមគ្នា យកចិត្តទុក ដាក់ក្នុងការចុះបង្ក្រាបទប់ស្កាត់ ឲ្យបានទាន់ពេលវេលា។

លោក គួច ចំរើន បានណែនាំបែបនេះ ក្នុងឱកាសលោកអញ្ជើញព្រលែងកូនត្រីទឹកសាប និងមេត្រីពូជទទៅក្នុងបឹងធម្មជាតិមួយកន្លែង នៅស្រុកព្រៃនប់ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។

លោក គួច ចំរើន បានគូសបញ្ជាក់ថា តាមរយៈទិវាមច្ឆជាតិ ០១ កក្កដា ឆ្នាំ២០១៩នេះ នឹងបានបំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងវិស័យឯកជន ចូលរួមថែរក្សា ការពារអភិរក្ស និងបង្កើនផលស្តុកធនធានជលផល ធម្មជាតិឱ្យកាន់តែសម្បូរបែប ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកបន្តថា ទន្ទឹមនឹងការថែរក្សាត្រីធម្មជាតិឱ្យមាននិរន្តរភាព ការអភិវឌ្ឍវារីវប្បកម្ម ត្រូវតែជំរុញឱ្យបានខ្លាំងក្លាទាំងខ្នាតតូច មធ្យម និងធំ ស្របតាមតម្រូវ ការទីផ្សារស្បៀងអាហារ និងសក្តានុពល នៃការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន។ លោកបានស្នើឲ្យមានការលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួល ដល់កសិករវិស័យ ឯកជន ដើម្បីចូលរួមវិនិយោគលើការចិញ្ចឹមបង្គា ក្តាម ត្រីសមុទ្រ ឲ្យបានច្រើនរួមទាំងការកែច្នៃផលិតផលសមុទ្រប្រកបដោយគុណភាព សុវត្ថិភាព និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។

ទន្ទឹមនេះដែរលោកអភិបាលខេត្ត ក៏បានស្នើស្ថាប័នពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋាន រួមគ្នាយកចិត្តទុក ដាក់បង្ក្រាបបទល្មើសជលផល ទប់ស្កាត់ការ ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ គ្រប់ប្រភេទ ដែលបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ធនធានមច្ឆាជាតិ និងការទន្ទ្រានដីព្រៃកោងកាង ជាកម្មសិទ្ធិ ការចាក់ដីលប់បឹង និងលុបដែននេសាទជាដើម, ខិតខំពង្រឹងសមត្ថភាពរបស់សហគមន៍នេសាទ ដែលបានបង្កើតឡើងរួចហើយឱ្យបានរឹងមាំប្រកបដោយភាពជាម្ចាស់ការ ក្លាយជាសហគមន៍នេសាទគ្មានបទល្មើសជលផល ព្រមទាំងបានសំណូមពរឱ្យប្រជាពលរដ្ឋក្នុង សហគមន៍ចូលរួមថែរក្សា អភិរក្សធនធានធម្មជាតិជលផលឱ្យកាន់តែសម្បូរបែប ដើម្បីពង្រឹងការគ្រប់គ្រង សហគមន៍នេសាទ ថែរក្សាព្រៃលិចទឹក និងព្រៃកោងកាងឱ្យបានគង់វង្ស ដែលជាជម្រកមច្ឆាជាតិពងកូន។

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឲ្យដឹងថា ទិវាមច្ឆជាតិ ០១ កក្កដា ឆ្នាំ២០១៩នេះ បានរៀបចំលែងកូនត្រី ចំនួន ៥០.០០០ក្បាល និងមេត្រីពូជចំនួន ២០គីឡូក្រាម ដើម្បីអភិរក្ស ការថែទាំមច្ឆាជាតិឱ្យកាន់តែសម្បូរបែបថែមទៀត។

ជាមួយគ្នានេះលោក នេន ចំរើន បានសំណូមពរឲ្យអ្នកនេសាទ កុំប្រើស្បៃមុងចាប់ត្រី ឬប្រើឧបករណ៍ឆក់ កុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រកមច្ឆា និងបានអំពាវនាវដោយទទូចចំពោះប្រជាពលរដ្ឋ អាជ្ញាធរដែនដីមន្ត្រីជំនាញអង្គការដៃគូអភិវឌ្ឍន៍ សូមចូលរួមថែរក្សាការពារអភិរក្សធនធានមច្ឆាជាតិធម្មជាតិជាតិទាំងអស់នេះ ដើម្បីធានានិរន្តរភាពនិងលើកកម្ពស់ដល់ជីវភាពរបស់ប្រជាពលរដ្ឋដែល ជាប្រជាកសិករនៅតាមមូលដ្ឋាន។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងធ្វើពិធីប្រលែងកូនត្រី និងត្រីពូជនេះនៅតាមអាងទឹកធម្មជាតិ នៅខេត្តព្រះសីហនុ ជាបន្តបន្ទាប់ផងដែរ៕