(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកាំកុងត្រូល ដែលតែងតែគិតគូពីសុខភាពបងប្អូនប្រជាពលរដ្ឋ ក្នុងការទទួលទានប្រចាំថ្ងៃ ទើបនាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងមន្ត្រីមន្ទីរពិសោន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារដើមគ ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារវេចខ្ចប់ស្រេច ម្ហូបអាហារកែច្នៃក្នុងស្រុក និងស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួន លួចបញ្ចេញមកលក់ចែកចាយលើទីផ្សារ ។

ជាមួយគ្នានេះ មន្ត្រីជំនាញ បានយកគំរូម្ហូបអាហារចំនួន៣៧ គំរូមកពិសោធន៍នៅរថយន្តពិសោធន៍ចល័ត ដើម្បីរកសារធាតុគីមីហាមឃាត់ទៅលើទំនិញ ដូចជា បន្លែគ្រប់មុខ ប្រហុក ផ្អក មាំ សរសៃមីលឿង លត គុយទាវសរសៃធំ ប្រហិតសាច់គោ ប្រហិតសាច់ជ្រូក ជ្រក់ត្រសក់ មឹក បង្គារ ត្រីងៀត ត្រីបង្ហើម សាច់ក្រក -ល-។ ជាលទ្ធផលពុំមានសារធាតុគីមីហាមឃាត់ទេ។

ក្នុងនោះ មន្ដ្រីជំនាញ បានធ្វើការផ្សព្វផ្សាយអប់រំ ណែនាំដល់អាជីវករឲ្យយល់ដឹង អំពីសុវត្ថិចំណីអាហារផងដែរ។

ក្នុងឱកាសដឹកនាំផ្ទាល់ត្រួតពិនិត្យចំណីអាហារនេះ លោក គង់ វុទ្ឋី អនុសាខាផែស្ងួតចុងទីភ្នំពេញ បានធ្វើការណែនាំ និងសំណូមពរដល់អាជីវករទាំងអស់ សូមកុំលួចលាក់បន្ថែមនូវសារធាតុគីមីផ្សេងៗ ដែលបង្កផលប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់ មិនតែប៉ុណ្ណោះអ្នកដែលប្រព្រឹត្តិនោះ គឺមានគ្រោះថ្នាក់ខ្ពស់ជាងគេ ដោយសារតែគាត់នៅជិត និងជាអ្នកប៉ះពាល់ដោយផ្ទាល់នៅសារធាតុនេះ។

លោក គង់ វុទ្ឋី បញ្ជាក់ថា ដើម្បីឲ្យកាន់តែមានភាពងាយស្រួល និងមានទំនុកចិត្តខ្ពស់ ចំពោះចំណីអាហារពីសំណាក់បងប្អូនប្រជាពលរដ្ឋ បច្ចុប្បន្ននៅតាមផ្សារមួយចំនួន គឺមានមន្រ្តីកាំកុងត្រូល នៅប្រចាំជាប់តែម្តង បើសិនជាប្រជាពលរដ្ឋណា មានការសង្ស័យថាបន្លែ ផ្លែឈើ ចំណីអាហារ និងគ្រឿងឧបភោគបរិភោគណា ដែលមានសារធាតុគីមី អាចយកមកឲ្យមន្រ្តីកាំកុងត្រូលត្រួតពិនិត្យ ហើយបើសិនជាមានភាពមិនប្រក្រតីណាមួយ នឹងធ្វើការដកហូតភ្លាមៗតែម្តង ៕