(ប្រ៊ុយណេ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ នៃបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Dato Paduka Seri Haji Awang Halbi Bin Haji Md Yossof រដ្ឋមន្ត្រីទី២ ក្រសួងការពារជាតិប្រ៊ុយណេ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។

ក្នុងជំនួបនេះ លោក Dato Paduka Seri Haji Awang Halbi Bin Haji Md Yossof បានបញ្ជាក់ ពីទំនាក់ទំនងយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ ក្នុងវិស័យការពារជាតិ និងក្នុងក្របខណ្ឌប្រទេសសមាជិកអាស៊ាន។ លោកគាំទ្រគំនិតផ្តួចផ្តើមសកម្មភាពទ្វេភាគីរួមគ្នាដែលកងទ័ព នៃប្រទេសទាំងពីរ នឹងបង្កើតនៅពេលអនាគត។ រដ្ឋមន្រ្តីទី ២ បានបញ្ជាក់ថា ការរក្សាសិ្ថរភាព និងសន្តិភាពក្នុងតំបន់ ជាមូលដ្ឋានសម្រាប់ប្រទេស ក្នុងតំបន់មានឱកាសក្នុងការអភិវឌ្ឍ និងរីកចម្រើន។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម Dato Paduka Seri Haji Awang Halbi Bin Haji Md Yossof និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងទ័ពប្រ៊ុយណេ ដែលបានទទួលស្វាគមន៍យ៉ាកក់ក្តៅ ចំពោះគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា។

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជឿជាក់ថាដំណើរទស្សនកិច្ចនេះ ជាការបន្តរឹតចំណងមិត្តភាព នៃប្រទេសទាំងពីរ កងទ័ព និងប្រជាជនទៅថ្ងៃអនាគតទាំងកម្រិតទ្វេភាគី និងតំបន់អាស៊ានទាំងមូល។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តទៀតថា បញ្ហាសន្តិសុខជាបញ្ហារួម ពុំសំដៅចំពោះប្រទេសណាមួយឡើយ ហើយជាពិសេសក្នុងសម័យកាលសាកលភាវូបនីកម្ម និងបច្ចេកវិទ្យា ហេតុនេះការភ្ចាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព និងការបង្កើតសកម្មភាពរវាងបុគ្គល និងបុគ្គល នឹងជួយសម្រួលក្នុងកិច្ចសហប្រតិបត្តិការនៅពេលអនាគត៕