(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ បានទទួលជួបលោក ហ្គីលបឺត ហុងបូ (Gilbert F. Houngbo) ប្រធានមូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម មកកម្ពុជា ( IFAD) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង IFAD ។
លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក ហ្គីលបឺត ហុងបូ និងសហការី ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកដ៏ សំខាន់របស់ IFAD ក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុ ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជា នាពេលកន្លងមក។
លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដែលកំពុងសម្រេចបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់។ សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថាអាច សម្រេចបានកំណើនខ្ពស់រហូតដល់ ៧.៥% ក្នុងឆ្នាំ ២០១៨ និងតាមការព្យាករណ៍កំណើនសេដ្ឋកិច្ចនេះ នឹងអាចនៅតែសម្រេចបានប្រមាណ៧ភាគរយក្នុងឆ្នាំ២០១៩។
លោកថា «កម្ពុជាកំពុងបន្តដំណើរឆ្ពោះ ទៅរកចក្ខុវិស័យឆ្នាំ២០៥០ ដើម្បីក្លាយទៅជាប្រទេសអភិវឌ្ឍន៍។ ឆ្នាំ២០៣០ ត្រូវបានកំណត់យកជាឆ្នាំគោល ដែលត្រូវសម្រេចឲ្យបាននូវលទ្ធផលជាសារវ័ន្ធ នៃកំណែទម្រង់សំខាន់ៗ និងការប្រែក្លាយខ្លួន ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់»។
លោក ហ្គីលបឺត ហុងបូ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវកិច្ចអភិវឌ្ឍក្នុងសន្ទុះលឿន និងប្រកបដោយផ្លែផ្កា។
លោក ក៏បានរំលឹកឡើងវិញអំពីភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និង IFAD ដែលមានចាប់តាំងពីចុងឆ្នាំ ១៩៩០ មក រួមដំណើរជាមួយគ្នា លើកិច្ចការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា ហើយក៏បានគូសបញ្ជាក់ឡើងវិញ អំពីការបន្តគាំទ្ររបស់ IFAD លើការអភិវឌ្ឍ សេដ្ឋកិច្ចជនបទប្រកបដោយនិរន្តរភាព និងធានាសមធម៌ នៃការបែងចែងផលនៃកំណើនជូនប្រជាជននៅទីជនបទ។
លោក ហ្គីលបឺត ហុងបូ ក៏បានថ្លែងអំណរគុណចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងតែផ្តល់កិច្ចសហការ ប្រកបដោយភាពជាម្ចាស់ ក្នុងការដឹកនាំការគ្រប់គ្រងគម្រោង ក្រោមហិរញ្ញប្បទានរបស់ IFAD នៅកម្ពុជា រហូតសម្រេច បាននូវជោគជ័យជាច្រើនកន្លងមក ជាពិសេស ក្នុងការគំាទ្ររៀបចំគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (Sustainable Assets for Agricultural Markets, Business and Trade - SAAMBAT) ដែលអាចឈានទៅចុះហត្ថលេខានៅត្រីមាសទី៤ ឆ្នាំ២០១៩ ខាងមុខនេះ។
លោក ហ្គីលបឺត ហុងបូ បានបង្ហាញជំហរថា IFAD មិនត្រឹមតែបន្តផ្តល់ហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ IFAD នឹងខិតខំថែមទៀត បំពេញតួនាទីប្រកបដោយបុរេសកម្មក្នុងការទាក់ទាញ និងកៀរគរធនធានហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍នានា សម្រាប់ចូលរួមចំណែកអភិវឌ្ឍនៅកម្ពុជា ។
លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ IFAD ចំពោះជំហរបន្តគាំទ្រ និងពង្រឹង កិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាល ជាពិសេស វិស័យកសិកម្ម ដែលជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល កម្ពុជា ក៏ដូចជាបានរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានជូនពរលោក ហ្គីលបឺត ហុងបូ ព្រមទាំងសហការី ឲ្យទទួលបាន ជោគជ័យក្នុងដំណើរមកទស្សនកិច្ចរបស់ខ្លួននៅកម្ពុជា៕