(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចុះផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ជូនថ្នាក់ដឹកនាំ សាលាខណ្ឌចំការមន ក្នុងគោលបំណងឲ្យមន្ត្រី និងថ្នាក់ដឹកនាំយល់ច្បាស់ និងចៀសវាងការប្រព្រឹត្តអំពើពុករលួយនៅក្នុងស្ថាប័នរបស់ខ្លួន។
ការចុះផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ និងច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពលោក កែវ ធីវុធ ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ និងលោក ថេង សុថុល អភិបាលខណ្ឌចំការមន ដោយមានអ្នកចូលរួមប្រមាណ ៦០នាក់ផងដែរ។
លោក ថេង សុថុល បានថ្លែងថា វគ្គផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយនេះ នឹងផ្តល់នៅពុទ្ធិយល់ដឹងបន្ថែមដល់អាជ្ញាធរមូលដ្ឋាន ដែលជាអ្នកបំរើសេវា ដល់ប្រជាពលរដ្ឋអំពីច្បាប់លិខិត បទដ្ឋានគតិយុត្តិពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោកបន្ថែមឲ្យដឹងថា តាមរយៈការសិក្សាច្បាប់នេះនឹងផ្តល់ឲ្យមន្ត្រីទាំងអស់កាន់តែយល់ច្បាស់អំពីគោលបំណងខ្លឹមសារ និងទិសដៅក៏ដូចជា នីតិវិធីនានាសំដៅធ្វើយ៉ាងណាដើម្បីឲ្យមន្ត្រីថ្នាក់ដឹកនាំ រដ្ឋបាលខណ្ឌសង្កាត់ យកទៅអនុវត្តឲ្យបានចំគោលដៅមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយតម្លាភាព។
លោក កែវ ធីវុធ ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងនៅក្នុងពិធីផ្សព្វផ្សាយច្បាប់ខាងលើថា អំពើពុករលួយទោះបីតូច ឬធំ គឺជាបច្ច័យអាក្រក់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពេលខ្លះ គេបានប្រៀបធៀបអំពើពុករលួយជាជម្ងឺមហារីក ព្រោះវារីកលូតលាស់លឿន ដូច្នេះការអភិវអ្ឍសេដ្ឋកិច្ច និងមានការធាក់ថយប្រសិនបើមានបញ្ហានេះ។ លើសពីនេះ វាក៏បានប៉ះពាល់ទៅដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។
លោកបន្ថែមថា អំពើពុករលួយក៏អាចនាំឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុងផងដែរ ហើយទិសដៅ និងការងារអនុវត្តប្រចាំថ្ងៃ ក៏មិនអាចសំរេចបានជោគជ័យនោះទេ។
គួរបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ ធ្វើឡើងក្នុងគោលបំណងបញ្ជ្រៀបការយល់ដឹងបន្ថែម ជូនដល់ថ្នាក់ដឹកនាំសាលាខណ្ឌ សាលាសង្កាត់ ស្មៀន មន្ត្រី និងបុគ្គលិកសាលាសង្កាត់នៃរដ្ឋបាលខណ្ឌចំការមន៕