(កណ្តាល)៖ «ការកាប់ទន្ទ្រានព្រៃលិចទឹកនៅតំបន់នានា ការទន្ទ្រាននៅក្នុងតំបន់អភិរក្សជាជម្រកត្រីពងកូន និងការប្រើឧបករណ៍នេសាទខុសច្បាប់ ធ្វើឲ្យធនធានមច្ឆាជាតិមានការថយចុះ គួរឲ្យព្រួយបារម្ភ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមជួយថែរក្សា និងទប់ស្កាត់ទាំងអស់គ្នា ដើម្បីឲ្យធនធានមច្ឆាជាតិយើងសំបូរឡើងវិញ»។ នេះជាការទទូចឲ្យលោក វ៉ិត ធារិទ្ធិ នាយខណ្ឌជលផលខេត្តកណ្តាល នៅក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពី ជលផល និងតំបន់អភិរក្ស ដែលធ្វើឡើងនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង និងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ក្នុងរយៈពេល២ថ្ងៃនេះ (២៥-២៦ ខែកក្តដា ឆ្នាំ២០១៩)។

នៅចំពោះមន្រ្តីរបស់ខ្លួន និងប្រជាពលរដ្ឋជាច្រើននាក់ ដែលបានចូលរួមនោះ នាយខណ្ឌរដ្ឋបាលជលផលរូបនេះ បានលើកឡើងថា វគ្គផ្សព្វផ្សាយពេលនេះ មានគោលបំណងដើម្បីរ ក្សាតំបន់អភិរក្សឱ្យបានគង់វង្ស ទុកឱកាសឱ្យត្រីមេពូជបន្តពូជ ដើម្បីឱ្យត្រីសំបូរឡើងវិញទៅថ្ងៃអនាគត ហើយនេះមិនមែនជាលើកដំបូងនោះទេ ហើយយើងនឹងបន្តធ្វើឱ្យដូចភ្លៀងរលឹម។

លោកនាយខណ្ឌបានបន្តថា «ក្រៅអំពីវិធានការអប់រំណែនាំ យើងក៏ប្រើវិធានការច្បាប់ទន្ទឹមគ្នាផងដែរ ហើយក៏សូមអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ ក៏ដូចជា សហគមន៍នេសាទ ចូលរួមថែរក្សា និងបង្ក្រាបនូវបទល្មើសកាប់ព្រៃលិចទឹក ការទន្ទ្រានចូលចាប់ត្រីក្នុងតំបន់អភិរក្ស និងបទល្មើសនេសាទ មានដូចជាការការឧបករណ៍ឆក់គ្រប់ប្រភេទ ការប្រើស្បៃមុង និងឧបករណ៍ដទៃទៀត ដែលខុសច្បាប់ហាមដាច់ខាត់ ហើយប្រសិនបើបងប្អូនធ្វើបាននោះធនធានជលផលរបស់យើងនឹងកើនឡើងវិញជាក់ជាពុំខាន»

លោកបានបញ្ជាក់ដែរថា ប្រសិនបើបងប្អូនមានការភ្ញាក់រលឹក ឈប់នេសាទខុសច្បាប់ និងនាំឧបករណ៍ដែលច្បាប់ហាមឃាត់ទាំងនោះ មកប្រគល់ឱ្យអាជ្ញាធរ ឬមន្ត្រីជំនាញនោះ លោកនឹងផ្តល់ជូនទៅវិញនូវបច្ចេកទេស និងពូជត្រីយកទៅចិញ្ចឹមដោយមិនគិតកម្រៃឡើយ។

លោកបានបន្តទៀតថា ការកាប់បំផ្លាញព្រៃលិចទឹកទន្ទ្រានតំបន់អភិរក្សវាជាចំណែកមួយធ្វើឲ្យពូជត្រីថយចុះផងដែរ ព្រោះការបំផ្លាញជម្រក ឬទីតាំងសម្រាប់បង្កកំណើតរបស់វាទៅហើយ ដូច្នេះព្រៃលិចទឹកមានសារៈសំខាន់ណាស់ សម្រាប់ត្រីពងកូន ហើយប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ គឺជាចំណុចមួយកាន់តែគ្រោះថ្នាក់បំផុតដល់ធន់ធានមច្ឆាជាតិយើង ឧទាហ៍ឧបករណ៍ប្រភេទស្បៃមុងចាប់ទាំងមេទាំកូនតូចទើបញាស់ទាំងពងរសាត់តាមទឹកឬសំពុអទឹក រីឯឧបករណ៍ឆក់អាតូចងាប់អស់ អាធំបើចាប់មិនទាន់ក៏ខូចខានពងព្រោះរបួសត្រូវភ្លើងឆក់នោះ ដូច្នេះបងប្អូនមិនត្រូវនេសាទបែបនេះទេ ដើម្បីយើងទាំងអស់គ្នា។

ជាមួយគ្នានោះ ប្រធានសហគមន៍នេសាទឃុំក្រាំងយ៉ូវ ហ៊ុត ផា ក៏បានលើកឡើងថា បច្ចុប្បន្ននៅក្នុងមូលដ្ឋានរបស់លោក នៅតែមានជនខិលខូចលួចចូលចាប់ត្រីក្នុងដែនអភិរក្សពូជមេត្រី និងប្រើប្រា
ស់ឧបករណ៍ល្មើសច្បាប់ ពិសេសឆក់ និងស្បៃមុង តែម្តង ប៉ុន្តែបន្ទាប់ពីវគ្គផ្សព្វផ្សាយនេះ សង្ឃឹមថា ប្រជាពលរដ្ឋនឹងកាន់តែយល់ដឹង ហើយបោះបង់ឧបករណ៍នេសាទខុសច្បាប់ ប្តូរយកបច្ចេកទេស និងពូជត្រីយកទៅចិញ្ចឹម និងរួមគ្នាថែរក្សាតំបន់អភិរក្សឱ្យបានគង់វង់ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា។

ដោយឡែកប្រធានសហគមន៍នេសាទស្រុកលើកដែកវិញ ក៏បានសំណូមពរឲ្យមានកិច្ចសហការ រវាងកម្លាំងប្រដាប់អាវុធស្រុកទាំងអស់ បើកម្លាំង១ជំនាញ មិនអាចទប់ស្កាត់បានទេ ទាល់យើងរួមទាំងអស់គ្នា៕