(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានដឹកនាំមន្ត្រី មន្ទីរស្ថាប័នពាក់ព័ន្ធចុះទៅបញ្ឈប់សកម្មភាពក្រុមហ៊ុន «សុខ សុខា» ដែលកំពុងធ្វើអាជីវកម្មយកថ្មភ្នំខុសច្បាប់ នៅភូមិក្រដាស់ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់ ជាប្រយោជន៍សាធារណៈវិញ។
តំណាងប្រជាពលរដ្ឋនៅភូមិក្រដាស់ លោក ជីវ ទិត្យ បានឲ្យដឹងថា ក្រុមហ៊ុន «សុខ សុខា» បានធ្វើសកម្មភាពយកថ្មភ្នំគោ ដោយគ្មានច្បាប់ចេញពីក្រសួងរ៉ែ និងថាមពលឡើយ។
មន្រ្តីមូលដ្ឋានបានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា នៅតំបន់ភូមិក្រដាស និងភូមិផ្សេងទៀត ស្ថិតនៅក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ជាតំបន់ទឹកលិច ហើយចំណុចភ្នំគោ ដែលក្រុមហ៊ុន «សុខ សុខា» កំពុងធ្វើអាជីវកម្មអត់ច្បាប់យកថ្មភ្នំ គឺជាតំបន់ទីទួលសុវត្ថិភាព ដែលប្រជាពលរដ្ឋនៅតំបន់នេះ មករស់នៅបណ្ដោះអាសន្ន នៅពេលមានទឹកជំនន់ជន់លិចភូមិម្តងៗ។
ហេតុដូច្នេះហើយទើបពួកគាត់នាំគ្នាធ្វើការតវ៉ា មិនចង់ឲ្យមានការធ្វើអាជីវកម្មយកថ្មភ្នំនេះបន្តទៀត។
ជាមួយគ្នានេះដែរ បន្ទាប់ពីទទួលព័ត៌មានភ្លាម នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្រ្តីពាក់ព័ន្ធ ចុះទៅបញ្ឈប់សកម្មភាព មិនអនុញ្ញាតឲ្យក្រុមហ៊ុននេះ ធ្វើអាជីវកម្មយកថ្មភ្នំ ដោយខុសច្បាប់ទៀតទេ និងផ្ដល់តំបន់ភ្នំនោះ ឲ្យទៅប្រជាពលរដ្ឋប្រើប្រាស់ជាប្រយោជន៍សាធារណៈវិញ។
ក្នុងឱកាសចុះដោះស្រាយវិវាទនោះ លោក អ៊ុន ចាន់ដា បានដាក់លក្ខខណ្ឌ៣ចំណុច ដល់ខាងភាគីក្រុមហ៊ុនរួមមាន៖
*ទី១៖ ឲ្យក្រុមហ៊ុនបញ្ឈប់សកម្មភាពជាបន្ទាន់ រង់ចាំការដោះស្រាយពីរាជរដ្ឋាភិបាល
*ទី២៖ ឲ្យក្រុមហ៊ុនរើសម្ភារនៅតំបន់នោះចេញជាបន្ទាន់
*ទី៣៖ សូមឲ្យក្រុមហ៊ុនធ្វើការទំនាក់ទំនងជាមួយនឹងអាជ្ញាធរដែនដីឲ្យបានត្រឹមត្រូវ៕