(ព្រះសីហនុ)៖ ភាពមន្ទិលសង្ស័យចំពោះមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា ត្រូវបានលាងជម្រះហើយដោយទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃនេះ។ ក្រោយចុះពិនិត្យ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានជឿជាក់ថា មូលដ្ឋាននេះ គ្មានអ្វីគួរឱ្យសង្ស័យដូចការចុះផ្សាយរ បស់សារព័ត៌មានអាមេរិកឡើយ។

ការចុះពិនិត្យមូលដ្ឋានកងទ័ពជើងទឹករាម ដោយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន៧៣នាក់ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំដោយ នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ក្រោមការអនុញ្ញាតរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។

ក្រៅពីសារព័ត៌មាន Fresh News និងប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗនៅក្នុងប្រទេសកម្ពុជា តំណាងស្ថាប័នព័ត៌មានបរទេសមួយចំនួនទៀត ដែលបានចូលរួមពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាមនេះ មានដូចជា AP, Reuters, VOA, Cambodia China Times, AFP, Xinhua, Cambodia China Friendship Radio និង Japanese TV ជាដើម។

ក្រុមអ្នកសារព័ត៌មានបានលើកឡើងថា ទីតាំងមូលដ្ឋានកងទ័ពជើងទឹករាម មិនមានអត្តសញ្ញាណណាមួយ ពាក់ព័ន្ធនឹងយោធាចិននោះទេ។ ក្រុមអ្នកសារព័ត៌មានបានចាត់ទុកថា អ្វីដែលបានផ្សយដោយ សារព័ត៌មានអាមេរិក មានលក្ខណៈនយោបាយ និងបំភ្លៃការពិតពីកម្ពុជា។

កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមួយថា «កម្ពុជាបដិសេធចំពោះជំនួយសហរដ្ឋអាមេរិក ក្នុងការជួសជុលអគារមួយកន្លែង នៅមូលដ្ឋានកងទ័ពជើងទឹករាម»។ ក្រោយការផ្សព្វផ្សាយនេះ ឧបការីរងក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ លោក Joseph Felter បានសរសេរលិខិតមួយផ្ញើទៅរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សម្ដេច ទៀ បាញ់ ដើម្បីឱ្យពន្យល់អំពីមូលហេតុដែលកម្ពុជា បដិសេធជំនួយរបស់សហរដ្ឋអាមេរិក ក្នុងការជួសជុលអគារហ្វឹកហ្វឺន និងផ្ទុកសម្ភារៈ នៅមូលដ្ឋានកងទ័ពជើងទឹករាម។ មន្រ្តីយោធាជាន់ខ្ពស់អាមេរិករូបនេះ ដាក់ការសង្ស័យថា ពាក់ព័ន្ធនឹងរឿងនេះ កម្ពុជាអាចបើកផ្លូវឲ្យចិនមានវត្តមាននៅមូលដ្ឋានទ័ពជើងទឹកសមុទ្ររាម។

លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត បានធ្លាប់បានបញ្ជាក់ថា ការចុះផ្សាយថា «កម្ពុជាបដិសេធចំពោះជំនួយសហរដ្ឋអាមេរិក ក្នុងការជួសជុល អគារមួយកន្លែង នៅមូលដ្ឋានកងទ័ពជើងទឹករាម» គឺជាដំណឹងមិនពិតនោះទេ ដោយហេតុថា ក្រសួងការពារជាតិ ពុំដែលបានស្នើទៅអាមេរិក ដើម្បីជួសជុលអគារខាងលើនេះម្តងណាទេ។

បើតាមអ្នកនាំពាក្យ, ពាក់ព័ន្ធនឹងលិខិតរបស់ ឧបការីរងក្រសួងការពារជាតិសហរដ្ឋអាមេរិកនោះ ក្រសួងការពារជាតិកម្ពុជា ក៏បានអញ្ជើញអនុព័ន្ធយោធាប្រចាំការនៅក្នុងស្ថានទូតអាមេរិក មកស្តាប់ការបំភ្លឺ អំពីមូលហេតុដែលកម្ពុជាមិនទាន់មានភាពចាំបាច់ ក្នុងការទទួលជំនួយសហរដ្ឋអាមេរិក ដើម្បីជួសជុលអគារខាងលើនេះផងដែរ។

ដោយឡែក នាថ្មីៗនេះដែរ មានសារព័ត៌មានបរទេសមួយចំនួន ព្រមទាំងសារព័ត៌មាន VOA បានចេញផ្សាយដកស្រង់តាម សារព័ត៌មាន The Wall Street Journal ថា «ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឱ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា»

ទោះជាយ៉ាងនេះក្តី ការផ្សព្វផ្សាយនេះ ត្រូវបានច្រានចោលដោយរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកការចុះផ្សាយនេះ ជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតដើម្បីប្រឆាំងជាមួយកម្ពុជា។ ដោយឡែក សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មាននេះ ធ្វើឡើងក្នុងគោលដៅបង្កើតលេសដាក់ទណ្ឌកម្មមកលើកម្ពុជា និងបម្រើឱ្យចរន្តនយោបាយណាមួយតែប៉ុណ្ណោះ។

ការចុះផ្សាយបែបនោះ គឺជាព័ត៌មានក្លែងក្លាយ (Fake News) ដែលគ្មានវិជ្ជាជីវៈសារព័ត៌មាន និងមានចេតនាបំផ្លាញដល់សន្តិសុខរបស់កម្ពុជា។ នេះបើតាម នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសន្និសីទកាសែត នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩៕