(កំពង់ចាម)៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម កំពុងអនុវត្តយុទ្ធនាការលុបផ្លូវសំបុកមាន់ នៅក្នុងទីរួមខេត្តទាំងអស់ ដោយអនុវត្តទៅតាមការណែនាំរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
តាមមន្ត្រីសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៩ នេះ បានឲ្យដឹងថា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំឲ្យមន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម បើកយុទ្ធនាការ លុបផ្លូវសំបុកមាន់ទាំងអស់ ក្នុងទីរួមខេត្តកំពង់ចាម។
ទោះជាយ៉ាងនោះក្តី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម លោក សុខ ស៊្រុន បានឲ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន អនុញ្ញាតឲ្យប្រើប្រាស់ថវិកាក្រសួង សម្រាប់ការថែទាំផ្លូវនៅក្នុងខេត្ត និងក្រុងទីរួមខេត្ត ប៉ុន្តែដោយសារថវិកាឆ្នាំ២០១៩ មិនទាន់មានទើបលោកអភិបាលខេត្តកំពង់ចាម បានណែនាំឲ្យប្រើប្រាស់ថវិការបស់ខេត្ត ដើម្បីធ្វើការជួសជុល ថែទាំផ្លូវទាំងអស់ នៅក្នុងទីរួមខេត្តកំពង់ចាម។
បើតាមលោក សុខ ស្រ៊ុន បច្ចុប្បន្នខាងមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កំពុងដំណើរការជួសជុល និងថែទាំផ្លូវក្នុងទីរួមខេត្តបានមួយចំនួនហើយ៕