(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យលើការងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ២៦ ខែកក្តដាឆ្នាំ២០១៩។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោក ឡាំ ហេងហួត អនុប្រធាន គ.ជ.គ.ម និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងមានការចូលរួមពី មន្រ្តីតាមមន្ទីរពាក់ព័ន្ធនានា កងកម្លាំងប្រដាប់អាវុធ និងអង្គការដៃគូអភិវឌ្ឍន៍ក្នុងខេត្ត ចំនួន៤២៥នាក់។
លោក ងួន រតនៈ អភិបាលអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០១៩ ខេត្តបាត់ដំបង បានទទួលរងគ្រោះដោយសារខ្យល់កន្រ្តាក់ ចំនួន៤៤លើក បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន២,៩១១ខ្នង, រលំផ្ទះសង្កត់ស្លាប់ម្នាក់, ខូចខាតសាលារៀនចំនួន០៣ខ្នង និងខូចខាតអគារវត្តអារាមចំនួន២អគារ, រន្ទះបាញ់ បានកើតឡើងចំនួន០៤លើក បណ្តាលឲ្យស្លាប់មនុស្យចំនួន០៣នាក់ និងរងរបួសចំនួន១៩នាក់។ ការបង្កបង្កើនផល ក្នុងឆ្នាំ២០១៩នេះ សម្រេចបានជាង២៦២,០០០ហិកតា លើផែនការ៣២០,២០០ហិកតា និងដំណាំឧស្សាហកម្មជាច្រើនហិកតា ផងដែរ។
ឆ្លើយតបនឹងគ្រោះមហន្តរាយនេះ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សប្បុរសជននានា ព្រមទំាងមានកិច្ចសហការ ជាមួយសាខាកាកបាទក្រហមខេត្ត និងកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងចែកអំណោយ ដល់គ្រួសាររងគ្រោះបានទាន់ពេលវេលា។
ក្រោយពីបានពិភាក្សាស្វែងយល់ពីសកម្មភាព និងបទពិសោធរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្នាក់មូលដ្ឋានមួយចំនួនរួចមក ទេសរដ្ឋមន្ត្រី គន់ គីម បានកោតសរសើរដល់ការដឹកនាំ របស់រដ្ឋបាលខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការឆ្លើយតបបានទាន់ពេលវេលារាល់ពេលមាន គ្រោះមហន្តរាយកើតឡើង និងមានផែនការត្រៀមបម្រុងបានល្អប្រសើរ។
ក្នុងឱកាសនោះ តាមរយៈទេសរដ្ឋមន្រ្តី គន់ គីម, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ ដល់បងប្អូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ គ្រប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តទាំងមូលផងដែរ។
ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធជុំវិញខេត្ត និងដៃគូដ៏ទៃទៀត ធ្វើរបាយការណ៍ ពីផលប៉ះពាល់ និងតម្រូវការប្រជាពលរដ្ឋឲ្យបានច្បាស់ ដើម្បីងាយស្រួលក្រសួងស្ថាប័នជំនាញ ចាត់វិធានការជួយប្រជាពលរដ្ឋ និងត្រូវតាមដានជាប់ជាប្រចាំ នូវស្ថានភាពគ្រោះមហន្តរាយធម្មជាតិ ហើយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានយល់ និងត្រៀមលក្ខណៈជាមុន ការការពារទឹកជំនន់ បញ្ហាសុខភាព និងគ្រោះមហន្តរាយផ្សេងៗ ជាយថាហេតុ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕