(ភ្នំពេញ)៖ អតីតប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា របាយការណ៍របស់ក្រសួងការពារជាតិអាមេរិក និងការចុះផ្សាយរបស់កាសែតបរទេសនានា ដែលចោទប្រកាន់ថា ប្រទេសកម្ពុជាបានអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពចិន នៅមូលដ្ឋានកងទ័ពសមុទ្ររាម ខេត្តព្រះសីហនុ គឺជាយុទ្ធនាការប្រឆាំងកម្ពុជា ដើម្បីឱ្យសហគមអន្តរជាតិ មានការភាន់ច្រឡំ។
លោកបានថ្លែងបញ្ជាក់ថា ចំពោះករណីនេះកម្ពុជាពិតជាមានការសោកស្តាយយ៉ាងខ្លាំង ចំពោះព័ត៌មានក្លែងក្លាយ (Fake News) ដែលធ្វើឲ្យសហគមន៍អន្តរជាតិមានការភ័ន្ត ច្រឡំមកលើប្រទេសកម្ពុជា។
ការបញ្ជាក់បែបនេះរបស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោយបញ្ចប់កិច្ចពិភាក្សាការងារជាមួយអ្នកស្រី Angela Corcoran ឯកអគ្គរដ្ឋ ទូតអូស្រ្តាលីប្រចាំនៅកម្ពុជា។ នៅចំពោះមុខលោកស្រី Angela Corcoran អតីតប្រមុខការទូតកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ហើយកាសែត The Wall Street Journal របស់អាមេរិកាំង យោងទៅធ្វើរបាយការណ៍ កាសែតនានាយោង ទៅរបាយការណ៍ ខ្ញុំបានជម្រាបទៅលោកជំទាវថា មានការសោកស្តាយ កម្ពុជាមានការសោកស្តាយ ខ្ញុំមានការសោកស្តាយ ដែលមានយុទ្ធនាការ មិនមែនព័ត៌មានក្លែងក្លាយ ព័ត៌មានខុសទេ គឺជាយុទ្ធនាការ ដើម្បីកុំឱ្យកម្ពុជា ដើម្បីធ្វើមិចឱ្យសហគមន៍អន្តរជាតិយល់ខុសអំពីកម្ពុជា»។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្តថា បើតាមរបាយការណ៍ជាយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក របស់ក្រសួងការពារជាតិអាមេរិក គឺបានលើកអំពីការព្រួយបារម្ភរបស់ខ្លួន ដោយខ្លាចមហាយក្សចិន ស្វែងរកការកសាងមូលដ្ឋានយោធានៅកម្ពុជា ហើយរបាយការណ៍យុទ្ធសាស្ត្ររបស់ក្រសួងការពារជាតិអាមេរិកនេះ គឺនិយាយអំពីរបាយការណ៍ ដូច្នេះជាហេតុធ្វើឱ្យកាសែតរបស់ខ្លួន ដកស្រង់ចុះផ្សាយ និងមានកាសែតបរទេសផ្សេងៗទៀត យកទៅចុះផ្សាយ ដែលបណ្តាប្រទេសនានាមានការយល់ច្រឡំមកលើកម្ពុជា។
អតីតប្រមុខការទូតកម្ពុជា បានបញ្ជាក់បន្ថែមទៀតថា «ហើយខ្ញុំក៏បានជម្រាបជូនលោកជំទាវថា បើមានមូលដ្ឋានសឹកនៅកម្ពុជាមែន គឺមិនអាចលាក់បានទេ នៅកម្ពុជា គឺអ្វីៗទាំងអស់ គឺមានតម្លាភាពទាំងអស់ ហើយតម្លាភាពនេះ គឺលើសបណ្តាប្រទេសមួយចំនួនផ្សេងទៀតផងដែរ។ ហេតុដូច្នេះ កម្ពុជាមិនមានការចុះហត្ថលេខាសម្ងាត់ណាមួយឱ្យ មានមូលដ្ឋានសឹកជាមួយប្រទេសចិននោះទេ»។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានប្រាប់អូស្រា្តលីថា របាយការណ៍អាមេរិក ដែលចោទប្រកាន់កម្ពុជា បានអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពចិន នៅកម្ពុជា គឺជាយុទ្ធនាការប្រឆាំងកម្ពុជាទាំងស្រុង ហើយកម្ពុជា ពិតជាមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ដ៏គគ្លើននេះ។ កម្ពុជាមិនអនុញ្ញាតឱ្យមានកងទ័ពបរទេសនៅលើទឹកដីខ្លួន ដូចការចោទប្រកាន់របស់សហរដ្ឋអាមេរិក នោះឡើយ ហើយការចោទប្រកាន់នេះ គឺគ្មានមូលដ្ឋានច្បាស់លាស់ និងចាត់ទុកថាជាយុទ្ធនាការប្រឆាំងកម្ពុជា ដើម្បីឱ្យពិភពលោកមានការភ័ន្តច្រឡំមកលើ កម្ពុជាតែប៉ុណ្ណោះ។
ទាក់ទងនឹងរបាយការណ៍របស់អាមេរិក និងការចុះផ្សាយរបស់កាសែត The Wall Street Journal ដែលបានចោទប្រកាន់មកលើកម្ពុជាទាំងគគ្លើន នេះត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខការពារជាតិកម្ពុជា ធ្វើការបដិសេធទាំងស្រុងដោយអះអាងវា គឺជាព័ត៌មានក្លែងក្លាយ (Fake News) ហើយការចោទប្រកាន់នេះ គឺមានចេតនាចង់បំផ្លិតបំផ្លាញសុខសន្តិភាពកម្ពុជា ដែលកំពុងមានសព្វថ្ងៃនេះ។
ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់លាស់បន្ថែមទៀតនោះ រាជរដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទៅកាន់មូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ ដើម្បីពិនិត្យនៅទីតាំងនោះឱ្យបានច្បាស់លាស់ផងដែរ៕